(ប្រាស៉ីលីយ៉ា)៖ ប្រធានាធិបតីប្រេស៉ីល លោក ល្វីស អ៉ីណាស៉ីអូ លូឡា ដាស៉ីលវ៉ា (Luiz Inacio Lula da Silva) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានទទួលរងការរិះគន់ពីសំណាក់សហរដ្ឋអាមេរិក សម្រាប់ការអត្ថាធិប្បាយនាពេលថ្មីៗនេះរបស់លោក ដែលចោទប្រកាន់ថា ក្រុមលោកខាងលិចបានលើកទឹកចិត្តឱ្យមានសង្រ្គាម តាមរយៈការបន្តបំពាក់អាវុធដល់អ៊ុយក្រែន ប៉ុន្តែទន្ទឹមគ្នានោះ រូបលោកទទួលបានការកោតសរសើរពីសំណាក់ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) សម្រាប់សំណើចង់ឱ្យមានកិច្ចពិភាក្សាស្វែងរកសន្តិភាពរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។
លោក ឡាវរ៉ូវ ដែលកំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងប្រាស៉ីលីយ៉ា បានជួបជាមួយលោក លូឡា ហើយអរគុណប្រេស៉ីល សម្រាប់កិច្ចប្រឹងប្រែងចង់ជួយស្វែងរកដំណោះស្រាយ សម្រាប់វិបត្តិអ៊ុយក្រែន។ យ៉ាងណាក្តី អ្នកនាំពាក្យសេតវិមានបានចេញមុខរិះគន់លោក លូឡា ថា បានជួយផ្សព្វផ្សាយពាក្យសម្តីឃោសនារបស់់រុស្ស៉ីហើយនិងចិន ដោយមិនបានយកភ្នែកក្រឡេកមើលការពិតជាក់ស្តែង។ លោក លូឡា ព្យាយាមយ៉ាងខ្លាំង ដើម្បីដើរតួនាទីជាតួអង្គម្នាក់ ដែលអាចជួយសម្រុះសម្រួលឱ្យមាន កិច្ចពិភាក្សាសន្តិភាពដើម្បីបញ្ចប់សង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៉ី ដែលបានផ្ទុះឡើងដំបូងកាលពីជាងមួយឆ្នាំមុន។ សំណើរបស់ប្រេស៉ីលនោះ គឺផ្អែកលើគោលការណ៍មិនជ្រៀតជ្រែកនិងការទូតបើកចំហ ដែលប្រេស៉ីលប្រកាន់ខ្ជាប់ជាយូរមកហើយ។
យ៉ាងណាមិញ លោក លូឡា បានបង្កឱ្យប្រទេសជាច្រើននៃក្រុមលោកខាងលិច មានការមិនពេញចិត្តជាខ្លាំង តាមរយៈការធ្វើអត្ថាធិប្បាយកាលពីចុងសប្តាហ៍កន្លងទៅនេះ នៅពេលដែលលោកបានស្នើឱ្យមហាអំណាចលោកខាងលិច ឈប់បន្តផ្តល់អាវុធសម្រាប់សង្រ្គាមតទៅទៀត។ ការលើកឡើងនោះរបស់លោក លូឡា គឺបន្ទាប់ពីរូបលោកទើបតែ ត្រឡប់មកពីបំពេញទស្សនកិច្ចនៅប្រទេសចិនវិញ ជាទីដែលលោកបានជជែកអំពីបញ្ហាអ៊ុយក្រែន ជាមួយប្រធានាធិបតីចិន លោក ស៉ី ជិនពីង។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ លោករដ្ឋមន្រ្តីការបរទេសរុស្ស៉ី បាននិយាយថា ទីក្រុងមូស្គូអរគុណចំពោះមិត្តដូចជាប្រេស៉ីល ដែលយល់ច្បាស់អំពីដើមចមនៃស្ថានការណ៍ ហើយរុស្ស៉ីក៏អរគុណផងដែរចំពោះភាពខ្នះខ្នែងរបស់ប្រេស៉ីល ក្នុងការចូលរួមចំណែកចង់ស្វែងរក មធ្យោបាយដើម្បីដោះស្រាយវិបត្តិនេះ។ ដោយឡែក អ្នកនាំពាក្យផ្នែកសន្តិសុខជាតិរបស់សេតវិមាន លោក ចន ខឺប៊ី (John Kirby) ក្នុងថ្ងៃដដែលបាននិយាយថា ការអត្ថាធិប្បាយរបស់លោក លូឡា គឺជាការយល់ខុសសុទ្ធសាធ តាមរយៈការលើកឡើងថា សហរដ្ឋអាមេរិកហើយនិងអឺរ៉ុប បែរជាហាក់មិនចង់ស្វែងរកសន្តិភាពឱ្យអ៊ុយក្រែន ឬក៏មានចំណែកទទួលខុសត្រូវសម្រាប់សង្រ្គាមដែលផ្ទុះឡើង។
គួរបញ្ជាក់ថា មកទល់ពេលនេះ ក្នុងចំណោមក្រុមប្រទេសលោកខាងលិច គឺមានតែប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលបានបង្ហាញការស្វាគមន៍ ចំពោះសំណើផ្តួចផ្តើមកិច្ចពិភាក្សាសន្តិភាពរបស់លោក លូឡា។ ចំណែកឯទីក្រុងកៀវនិងទីក្រុងវ៉ាស៉ីនតោន ក៏ដូចជាសម្ព័ន្ធមិត្តដទៃៗទៀត ធ្លាប់បាននិយាយហើយថា បទឈប់បាញ់គ្នានាពេលនេះ នឹងផ្តល់ឱកាសឱ្យរុស្ស៉ីរក្សាការគ្រប់គ្រងនៅតាមតំបន់ដែលខ្លួនដណ្តើមកាន់កាប់បាន ហើយអ៊ុយក្រែនមានសិទ្ធិស្វែងរកជំនួយសព្វាវុធ ពីលោកខាងលិច ដើម្បីវាយបណ្តេញពួកឈ្លានពានចេញពីប្រទេសរបស់ខ្លួន៕