(មូស្គូ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ រុស្ស៉ីបានច្រានចោលការបញ្ចេញមតិរិះគន់របស់ជប៉ុន ចំពោះសកម្មភាពសមយុទ្ធយោធានៃកងកម្លាំងយោធាជើងទឹករបស់ខ្លួន ប្រចាំនៅតំបន់ប៉ាស៉ីហ្វិក ដោយទីក្រុងមូស្គូបានលើកហេតុផលថា ខ្លួនត្រូវតែប្រុងប្រយ័ត្នជានិច្ចចំពោះការគំរាមកំហែងគ្រប់ប្រភេទនៅក្នុងតំបន់ ស្របពេលដែលកំពុងផ្តោតលើសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។
អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក ហ៉ីរ៉ូកាហ៊្សុ ម៉ាត់ស៊ូណុ (Hirokazu Matsuno) កាលពីថ្ងៃដដែលនោះ បាននិយាយថា ទីក្រុងតូក្យូបានដាក់កំណត់ទូតតវ៉ាទៅកាន់ទីក្រុងមូស្គូ ជុំវិញការធ្វើសមយុទ្ធយោធារបស់កងកម្លាំងយោធាជើងទឹករុស្ស៉ី នៅក្បែរទីប្រជុំកោះមានជម្លោះ ដែលស្ថិតនៅកៀកនឹងកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន។ បញ្ហាវិវាទរវាងជប៉ុននិងរុស្ស៉ីជុំវិញតំបន់ទីប្រជុំកោះនោះ គឺបន្តមកតាំងពីក្រោយពេលបិទបញ្ចប់សង្រ្គាមលោកលើកទី២។ ក្នុងនាមជាសមាជិកនៃក្រុមប្រទេស G7 ជប៉ុនក៏បានចូលរួមជាមួយលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ី ជុំវិញវិបត្តិសង្រ្គាមអ៊ុយក្រែនផងដែរ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានឆ្លើយចំពោះការលើកឡើងរបស់លោក ម៉ាត់ស៊ូណុ ដោយនិយាយថា សមយុទ្ធយោធាដែលរុស្ស៉ីបានធ្វើឡើងនៅតំបន់ប៉ាស៉ីហ្វិក គឺស្របទៅតាមច្បាប់អន្តរជាតិ ហើយលោកបានសង្កត់ធ្ងន់ដូច្នេះថា «ស្ថានការណ៍សកលលោកយើង បច្ចុប្បន្នគឺប្រកបដោយព្យុះភ្លៀងនៅតាមជ្រុងជាច្រើន ពោលគឺវាពោរពេញទៅដោយស្ថានភាពជម្លោះ និងបញ្ហាវិវាទក្នុងតំបន់។ ពួកយើងទាំងអស់គ្នាដឹងច្បាស់ណាស់ ពីទីតាំងភូមិសាស្រ្តនៃជម្លោះនិងវិវាទទាំងនេះ»។
គួរបញ្ជាក់ថា ការធ្វើសមយុទ្ធយោធាផ្លូវទឹកខាងលើរបស់រុស្ស៉ី ត្រូវបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលរួមមានទាំងការបាញ់មីស៉ីល និងការធ្វើតេស្តមីស៉ីលរត់ក្រោមទឹក។ កាលពីខែមីនា រុស្ស៉ីបានចល័តយន្តហោះទម្លាក់គ្រាប់បែក២គ្រឿង ដែលមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ ឱ្យធ្វើប្រតិបត្តិការល្បាតនៅលើដែនសមុទ្រជប៉ុន អស់រយៈពេលរហូតដល់ជាង៧ម៉ោង ស្របពេលដែលនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា ចាប់ផ្តើមការបំពេញទស្សនកិច្ចនៅអ៊ុយក្រែន៕