(តូក្យូ)៖ ក្រុមរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេស G7 នៅថ្ងៃអង្គារនេះបានថ្កោលទោសវោហាសាស្ត្រនុយក្លេអ៊ែររបស់រុស្ស៉ី និងការពិភាក្សាពីផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅលើទឹកដីបេឡារុស គឺជារឿងមិនអាចទទួលយកបាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍រួម ក្រុមរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេស G7 បានកត់សម្គាល់ដូច្នេះថា «វោហាសាស្ត្រនុយក្លេអ៊ែរគ្មានទំនួលខុសត្រូវ និងការគំរាមដាក់ពង្រាយអាវុធ នុយក្លេអ៊ែរនៅលើទឹកដីបេឡារុស គឺជារឿងមិនអាចទទួលយកបាន...ហើយរាល់ការប្រើប្រាស់អាវុធគីមី អាវុធជីវសាស្ត្រ ឬអាវុធនុយក្លេអ៊ែរដោយរុស្ស៉ី នឹងត្រូវជួបផលវិបាកយ៉ាង ធ្ងន់ធ្ងរ»

គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ លោកប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថារុស្ស៉ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅលើទឹកដីបេឡារុស ដោយ អះអាងថានេះជាការឆ្លើយតបទៅនឹងការពង្រីកខ្លួនរបស់ NATO ឆ្ពោះមកកាន់ព្រំដែនរុស្ស៉ី។ សេចក្ដីថ្លែងការណ៍ខាងលើដដែល ក៏បានអំពាវនាវផងដែរឱ្យចិនបំពេញតួនាទីប្រកប ដោយការទទួលខុសត្រូវក្នុងនាមជាសមាជិកសហគមន៍អន្តរជាតិ និងឯកភាពគ្នាថាសន្តិភាព ក៏ដូចជាស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ជារឿងសំខាន់ ព្រមទាំងបង្ហាញជំហរ ប្រឆាំងការធ្វើយោធូបនីយកម្មរបស់ចិនក្នុងតំបន់សមុទ្រចិនខាងត្បូង៕