(ការូអ៉ីហ្សាវ៉ា, ជប៉ុន)៖ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 នៅថ្ងៃអង្គារសប្ដាហ៍នេះបានស្នើឱ្យកូរ៉េខាងជើង បញ្ឈប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ តទៅទៀត តែក៏បានព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ដែរ ក្រោយជួបប្រជុំគ្នាក្នុងប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។

ការស្នើអមជាមួយការព្រមានខាងលើ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានអះអាងពីការធ្វើតេស្ដដោយជោគជ័យនូវមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ប្រើប្រាស់បច្ចេកវិទ្យាឥន្ធនៈរឹង ដែលជារបកគំហើញថ្មីមួយសម្រាប់ការអភិវឌ្ឍសមត្ថភាពវាយបកដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមរដ្ឋមន្ត្រីការបរទេស G7 បានគូសបញ្ជាក់ដូច្នេះថា «យើងស្នើឱ្យកូរ៉េខាងជើងបញ្ឈប់រាល់ការធ្វើសកម្មភាពបង្កអស្ថិរភាព ឬបង្កហេតុទាំងឡាយ ក្នុងនោះរួមមានទាំងការធ្វើ តេស្ដអាវុធនុយក្លេអ៊ែរ ឬមីស៊ីលបាលិស្ទីគ»។ សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថា «សកម្មភាពរបៀបនេះនឹងត្រូវទទួលរងវិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីសហគមន៍អន្តរជាតិ រួមទាំងចំណាត់ការពីក្រុមប្រឹក្សាសន្តិសុខ UN»។​

គួរបញ្ជាក់ថា មីស៊ីលបាលិស្ទីគប្រើបច្ចេកវិទ្យាឥន្ធនៈរឹង គឺជាគោលដៅកំពូលមួយរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយមីស៊ីលប្រភេទនេះងាយស្រួលក្នុងការ ស្ដុកទុក និងដឹកជញ្ជូន ព្រមទាំងងាយស្រួលសម្រាប់ការរៀបចំបាញ់ចេញ ហើយប្រព័ន្ធការពារមីស៊ីលពិបាកស្ទាក់ចាប់៕