(តូក្យូ)៖ ជនសង្ស័យម្នាក់ដែលបានគប់គ្រាប់បែកផ្សែងទៅកាន់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា មានកំណត់ត្រាធ្លាប់ដាក់ពាក្យបណ្ដឹងទាមទារសំណងពីរដ្ឋាភិបាល ដោយអះអាងថារូបគេ រងភាពអយុត្តិធម៌ដោយត្រូវបានគេហាមមិនឱ្យចូលរួមក្នុងការប្រកួតប្រជែង សម្រាប់ការបោះឆ្នោតសភាជាន់ខ្ពស់។ នេះបើតាមការដកស្រង់ចេញផ្សាយ ពីកាសែតជប៉ុន យ៉ូមីយូរិ (Yomiuri) នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។

កាសែត យ៉ូមីយូរិ (Yomiuri) ដោយផ្អែកលើកំណត់ត្រាដែលខ្លួនទទួលបាន បានឱ្យដឹងថាជនសង្ស័យឈ្មោះ រីយូជី គីមូរ៉ា (Ryuji Kimura) បានដាក់ពាក្យបណ្ដឹងនៅឯ តុលាការស្រុកកូបិ (Kobe) កាលពីខែមិថុនា ឆ្នាំ២០២២ ជាមួយការអះអាងថាខ្លួនមិនអាចចូលរួមក្នុងការបោះឆ្នោតដែលត្រូវធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំដដែល ដោយសារតែបញ្ហាអាយុ និងមិនមានលទ្ធភាពបង់ប្រាក់តម្កល់ ៣លានយ៉េន ឬស្មើនឹង ២២,៣៣៩ដុល្លារ។ បើតាមកំណត់ត្រានេះដដែល គីមូរ៉ា បានចោទប្រកាន់ថាច្បាប់ បោះឆ្នោតសព្វថ្ងៃ បានបំពានលើរដ្ឋធម្មនុញ្ញ ដែលចែងពីសមភាពនៅក្រោមច្បាប់។

ប៉ុន្តែ តុលាការស្រុកកូបិ បានច្រានចោលការអះអាង និងការទាមទាររបស់ជនសង្ស័យមានអាយុ២៤ឆ្នាំ រូបនេះ ដែលចង់បានសំណងខូចខាត ១០០,០០០យ៉េន ពីរដ្ឋាភិបាលជប៉ុន សម្រាប់ការប៉ះទង្គិចផ្លូវចិត្តដែលរូបគេបានជួបប្រទះ។ គីមូរ៉ា ក៏បានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ទៅកាន់តុលាការជាន់ខ្ពស់ទីក្រុងអូសាកាផងដែរ ហើយការសម្រេចចិត្ត គ្រោងនឹងប្រកាសនៅខែឧសភា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា អាជ្ញាធរជប៉ុនបានចុះឆែកឆេរផ្ទះរបស់ជនសង្ស័យឈ្មោះ គីមូរ៉ា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ក្នុងទីក្រុងកាវ៉ានីស៉ិ (Kawanishi) នៃខេត្ត ហ៉ីយ៉ូហ្គូ (Hyogo) បន្ទាប់ពីត្រូវបានចាប់ខ្លួន កំលុងការប៉ុនប៉ងវាយប្រហារលើលោក គីស៉ីដា នៅឯយុទ្ធនាការឃោសនាបោះឆ្នោតក្នុងទីក្រុងវ៉ាកាយ៉ាម៉ា។ ប៉ូលិសជប៉ុនបានរកឃើញ បំពងទីបចំនួន២ ត្រូវបានរកឃើញនៅកន្លែងកើតហេតុ ក្នុងមានមួយបានផ្ទុះ និងមួយទៀតមិនទាន់បានប្រើ។ មកទល់នឹងពេលនេះ មិនទាន់មានការចោទប្រកាន់ផ្លូវការ ណាមួយប្រឆាំងនឹងជនសង្ស័យរូបនេះទេ៕