(ខាទុំ)៖ តំណាងពិសេសអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ បាន​ឱ្យដឹងថាមនុស្សយ៉ាងហោច ១៨៥នាក់ហើយត្រូវបានសម្លាប់ និងជាង ១,៨០០នាក់ផ្សេងទៀត រងរបួសនៅក្នុងការវាយប្រយុទ្ធដណ្ដើមអំណាចគ្នារវាងឧត្តមសេនីយ៍ពីររូប ក្នុងប្រទេសស៊ូដង់ នារយៈពេល៣ថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។

លោក វ៉ុលឃើរ ភឺស (Volker Perthes) តំណាងពិសេសអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងញូវយ៉ក តាមប្រព័ន្ធវីដេអូ នៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោក វ៉ុលឃើរ បានឱ្យដឹងដែរថា ស្ថានភាពនៅពេលនេះគឺពិបាកព្យាករ រីឯគូភាគីជម្លោះក៏មិនបានបង្ហាញសញ្ញាចង់ចរចា ឬទទួលយកការសម្របសម្រួល បញ្ចប់ជម្លោះនឹងគ្នានោះដែរ។

គួរបញ្ជាក់ថា អំពើហិង្សា និងការវាយប្រយុទ្ធគ្នា បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន រវាងកងទ័ពស៊ូដង់ដឹកនាំដោយឧត្ដមសេនីយ៍ អាប់ឌែល ហ្វាតាស់ អាល់បួរហាន់ (Abdel Fattah al-Burhan) និងទាហានប៉ារ៉ា ឬហៅកាត់ថា RSF របស់ឧត្ដមសេនីយ៍ មហាំម៉ាត់ ហំាដាន ដាហ្កាឡូ (Mohamed Hamdan Dagalo)។ ឧត្តមសេនីយ៍ ទាំង២រូបនេះ ធ្លាប់បានរួមដៃគ្នាធ្វើរដ្ឋប្រហារយោធានៅស៊ូដង់ កាលពីឆ្នាំ២០២១ និងកំពុងវាយប្រយុទ្ធគ្នាយ៉ាងសាហាវដើម្បីដណ្ដើមអំណាចគ្នាវិញម្ដង៕