(ខាទុំ)៖ ការវាយប្រយុទ្ធគ្នាយ៉ាងសាហាវនៅក្នុងប្រទេសស៊ូដង់ បានឈានចូលដល់ថ្ងៃទី៣ហើយ គិតត្រឹមថ្ងៃចន្ទ ទី១៧ ខែមេសានេះ។ ជម្លោះប្រដាប់អាវុធ ដ៏បង្ហូរឈាម បានផ្ទុះឡើងដំបូងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ រវាងកងទ័ពស៊ូដង់ដឹកនាំដោយឧត្ដមសេនីយ៍ អាប់ឌែល ហ្វាតាស់ អាល់បួរហាន់ (Abdel Fattah al-Burhan) និងទាហានប៉ារ៉ា ឬហៅកាត់ថា RSF របស់ឧត្ដមសេនីយ៍ មហាំម៉ាត់ ហំាដាន ដាហ្កាឡូ (Mohamed Hamdan Dagalo)។

ជម្លោះអស់រយៈពេលជាង​៣ថ្ងៃមកនេះត្រូវបានគេរាយការណ៍បានផ្ដាច់ជីវិតជនស៊ីវិលជិត១០០នាក់ រីឯសហគមន៍អន្តរជាតិ ក្នុងរួមមានទាំងសហរដ្ឋអាមេរិកដែល កំពុងជាប់ដៃជួយអ៊ុយក្រែន នៅក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានអំពាវនាវឱ្យមានការបិទបញ្ចប់អំពើហិង្សាជាបន្ទាន់។

* ប្រភពនៃភាពតានតឹង

ទាហានប៉ារ៉ា RSF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដោយអតីតប្រធានាធិបតីស៊ូដង់ លោក អូម៉ា អាល់ បាសៀរ (Omar al-Bashir) ដែលបានដាក់ឱ្យទាហាន ប៉ារ៉ាមួយនេះស្ថិតនៅក្រោមបញ្ជាផ្ទាល់ពីរូបលោក និងមានភារកិច្ចការពារអំណាចរបស់លោកពីក្រុមឧត្តមសេនីយ៍ស៊ូដង់ និងចារកម្មរបស់ពួកគេ។ ប៉ុន្តែ គម្រោងមួយនេះ មិនបានដំណើរការនោះទេ។ ក្នុងឆ្នាំ២០១៩ ទាហានប៉ារ៉ា RSF បានរួមដៃជាមួយកងទ័ពស៊ូដង់ ងើបឡើងបះបោរប្រឆាំង និងទម្លាក់លោក អាល់បាសៀរ ពីអំណាច ក្រោយមានបាតុកម្មតវ៉ាអស់ពេលជាច្រើនខែ។ កងកម្លាំងទាំង២នេះបានរួមដៃគ្នាធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលស៊ីវិលមួយពីអំណាចសាជាថ្មី នៅឆ្នាំ២០២១។

តែចាប់តាំងពីពេលនោះមកដែរ ក្រុមអ្នកវិភាគបានព្រមានថាជម្លោះផលប្រយោជន៍រវាងកងកម្លាំងប្រដាប់អាវុធទាំង២អាចនឹងផ្ទុះឡើងគ្រប់ពេលវេលា ដ្បិតកិច្ចសហការ រវាងកម្លាំងទាំង២ ត្រូវបានគេមើលឃើញថាគ្រាន់តែដើម្បីប្រយោជន៍ មិនមែនជាសម្ព័ន្ធភាព ឬដៃគូពិតប្រាកដមួយនោះទេ។ ទាហានប៉ារ៉ា RSF បានជ្រើសរើសដើរផ្លូវ ឯករាជ្យពីកងទ័ពស៊ូដង់ និងទទួលបានស្វ័យភាពកាន់តែខ្លាំងតួយ៉ាងខាងសេដ្ឋកិច្ចតែម្ដង។ ដោយសារតែមានស្វ័យភាពខាងសេដ្ឋកិច្ចបែបនេះឯង RSF បានពង្រីកខ្លួន កាន់តែធំ និងមានគ្នាកាន់តែច្រើន។ បើតាមទីភ្នាក់សារព័ត៌មាន Reuters RSF មានកងទ័ពដល់ទៅជាង ១០០,០០០នាក់ ហើយ RSF ក៏ធ្លាប់បានបញ្ជូនកងទ័ព របស់ខ្លួនឱ្យទៅធ្វើអន្តរាគមន៍យោធាក្នុងប្រទេសយេម៉ែន និងលីប៊ីផងដែរ។

កងទ័ពស៊ូដង់ និងក្រុមអ្នកគាំទ្រប្រជាធិបតេយ្យ បានស្នើឱ្យ RSF ធ្វើសមាហរណកម្មចូលរួមជាមួយកងទ័ពស៊ូដង់។ តែ RSF បានបដិសេធ រីឯអ្នកវិភាគមកពី វិទ្យាស្ថាន Middle East Council លោក អាឌែល អាប់ឌែល ហ្កាហ្វា (Adel Abdel Ghafar) បាននិយាយថាទាហានប៉ារ៉ា RSF មិនយល់ព្រមធ្វើសមាហរណកម្ម ជាមួយកងទ័ព ដោយសារតែខ្លាចបាត់បង់អំណាចដែលខ្លួនមាននាពេលសព្វថ្ងៃ។ កិច្ចចរចាលើការធ្វើសមាហរណកម្មនេះ បានក្លាយជាប្រភពនៃភាពតានតឹង នាំឱ្យមានការពន្យារពេល ដល់ការចុះហត្ថលេខាចុងក្រោយលើការបង្កើតរដ្ឋាភិបាលអន្តរកាលមួយ ដែលដំបូងឡើយគ្រោងនឹងធ្វើឡើងកាលពីថ្ងៃទី១ ខែមេសាកន្លងទៅនេះ។ លោក អាល់បួរហាន់ និងលោក ដាហ្កាឡូ ក៏ត្រូវបានគេរាយការណ៍ដែរថាមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងថាតើនរណាគួរតែកាន់តំណែងជាអគ្គមេបញ្ជាការយោធា។ RSF បាននិយាយថា អគ្គមេបញ្ជាការយោធាគួរតែជាមេដឹកនាំស៊ីវិល តែខាងកងទ័ពស៊ូដង់ បានជំទាស់ ដោយបញ្ហាគឺនៅត្រង់ថាក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមានចែងពីការដំឡើងតំណែង របស់លោក ហំាដាន ដាហ្កាឡូ ឱ្យស្មើនឹងលោក បួរហាន់ ជាជាងធ្វើជាអនុប្រធានរបស់លោក។

នៅត្រង់ចំណុចនេះដែរ ក្រុមអ្នកវិភាគយល់ថា ដោយសារតែមានស្វ័យភាពសេដ្ឋកិច្ចកាន់តែធំ លោក ហំាដាន ដាហ្កាឡូ ប្រហែលជាបានសម្រេចចិត្តរួចទៅហើយថា ត្រូវប្រឡូកចូលរួមក្នុងឆាកនយោបាយ ហើយណាមួយនៅក្នុងគំនិតរបស់ឧត្តមសេនីយ៍រូបនេះ មើលឃើញថាលំហរនយោបាយរបស់លោកកាន់តែរួមតូច និងយល់ថា ជីវិតនយោបាយ រួមទាំងអំណាចសេដ្ឋកិច្ច ដែលខ្លួនកំពុងក្ដោបក្ដាប់ អាចនឹងបន្តមានជាមួយនឹងការផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាលស៊ីវិលមួយ ជាជាងទុកឱ្យរបបសឹក ដឹកនាំដែលមិនបានអនុញ្ញាតឱ្យលោកទទួលបានអ្វីសោះ។

* តើគេដឹងអ្វីខ្លះពីការវាយប្រហារយុទ្ធគ្នា?

ការបើកឆាកវាយប្រយុទ្ធដណ្ដើមអំណាចគ្នាក្នុងប្រទេសស៊ូដង់ បានឈានចូលដល់ថ្ងៃទី៣ហើយ គិតត្រឹមថ្ងៃចន្ទ ទី១៧ ខែមេសានេះ។ បើតាមសារព័ត៌មាន CNN គិតត្រឹមថ្ងៃចន្ទនេះដែរ ជនស៊ីវិលយ៉ាងហោច ៩៧នាក់ ត្រូវបានសម្លាប់ និងជាង ១,១២៦នាក់ទៀតបានរងរបួស។ ការវាយប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងទាហានប៉ារ៉ា RSF កំពុងផ្ដោតជាសំខាន់នៅក្នុង រដ្ឋធានីខាទុំ ជាទីដែលទីបញ្ជាការកងទ័ព និងវិមានប្រធានាធិបតីស្ថិតនៅ។ ការវាយប្រយុទ្ធគ្នាក៏ត្រូវបានគេរាយការណ៍ដែរនៅ ក្នុងទីក្រុង អ៊ុមឌួរម៉ាន់ (Omdurman) ស្ថិតនៅភាគពាយព្យ និងទីក្រុងបាស់រី (Bahri) ស្ថិតនៅភាគខាងជើងនៃរដ្ឋធានីខាទុំ ខណៈភាគីទាំងសងខាងអះអាងពី ជ័យជម្នះរៀងៗខ្លួន។

គួរបញ្ជាក់ថា សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំងចំពោះជម្លោះប្រដាប់អាវុធរវាងកងទ័ពស៊ូដង់ និងទាហានប៉ារ៉ា RSF ដោយក្នុងនោះ សហរដ្ឋអាមេរិក ចិន រុស្ស៉ី អេហ្ស៉ីប កាតា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងសហភាពអាហ្វ្រិកសុទ្ធតែបានអំពាវនាវឱ្យបញ្ឈប់អំពើហិង្សា ជាបន្ទាន់៕