(មូស្គូ)៖ តុលាការរុស្ស៉ីនៅថ្ងៃចន្ទនេះ បានកាត់ទោសអ្នកនយោបាយប្រឆាំងម្នាក់គឺ លោក វ្ល៉ាឌីមៀ ការ៉ាមួហ្សា (Vladimir Kara-Murza) ឲ្យជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំពីបទក្បត់ជាតិ និងប្រឌិតព័ត៌មាន ដែលជាសវនាការកាត់ទោសដ៏កក្រើកលើបុគ្គលប្រឆាំងនៅក្នុងប្រទេសរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមេសា ឆ្នាំ២០២៣។

តុលាការទីក្រុងមូស្គូបានរកឃើញថា លោក ការ៉ាមួហ្សា មានទោសពីបទក្បត់ជាតិ និងប្រឌិតព័ត៌មានអំពីកងទ័ពរុស្ស៊ី។ បន្ទាប់ពីតុលាការចេញសាលក្រមនេះ លោក ការ៉ាមួហ្សា បាននិយាយថា «ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាថា រុស្ស៉ីនឹងមានសេរីភាព»។

លោក ការ៉ាមួហ្សា អាយុ ៤១ឆ្នាំ មានកាន់លិខិតឆ្លងដែនពីរគឺរុស្ស៉ី និងអង់គ្លេស។ លោក ការ៉ាមួសហ្សា ទទួលបានសញ្ជាតិអង់គ្លេស បន្ទាប់ពីទៅរស់ចក្រភពអង់គ្លេស ជាមួយម្តាយរបស់លោក នៅពេលមានអាយុ ១៥ឆ្នាំ។ បើតាមមេធាវី សកម្មជនប្រឆាំងរូបនេះ មានបញ្ហាប្រព័ន្ធប្រសាទដែលកើតឡើងដោយសារការប៉ុនប៉ងបំពុល កាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៧។

គួរបញ្ជាក់ថា នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយ CNN ប៉ុន្មានមុនត្រូវចាប់ខ្លួន លោក ការ៉ាមួហ្សា បាននិយាយថារុស្ស៉ីបច្ចុប្បន្នកំពុងដឹកនាំដោយ «របបឃាតករមួយ» ហើយ លោកក៏ជាមនុស្សម្នាក់ដែលតែងតែចោទប្រកាន់រុស្ស៉ីថាបានទម្លាក់គ្រាប់លើជនស៊ីវិលនៅក្នុងសង្រ្គាមអ៊ុយក្រែនផងដែរ។ មួយរយៈពេលខ្លី ក្រោយសង្រ្គាមផ្ទុះឡើង អ្នកដែលបង្ខូចកិត្តិយសកងទ័ពរុស្ស៉ី អាចនឹងផ្តន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំ រីឯការផ្សាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងកងទ័ពរុស្ស៉ី អាចនឹងត្រូវជាប់ពន្ធនាគារ ១៥ឆ្នាំ៕