(បាងកក)៖ អាជ្ញាធរក្នុងតំបន់នៅថ្ងៃចន្ទនេះបានឱ្យដឹងថា មនុស្សចំនួន ៦នាក់បានរងរបួសដោយសារការបាញ់ប្រហារ នៅក្នុងកន្លែងកម្សាន្តពេលរាត្រីមួយក្នុងទីក្រុងបាងកក ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣។

បើតាមលោកវរសេនីយ៍ឯក Sakya Saengwan មេបញ្ជាការរងការិយាល័យទី១ នៃស្នងការដ្ឋាននគរបាលរាជធានីបាងកកបានឲ្យដឹងថា កម្លាំងសមត្ថកិច្ច បានទទួលដំណឹងថា មានក្មេងជំទង់ឈ្លោះប្រកែកគ្នា និងប្រើកាំភ្លើងបណ្តាលឲ្យមានករណីរងរបួស។

លោក Sakya បាននិយាយថា ជនសង្ស័យពីរនាក់ប្រដាប់ដោយកាំភ្លើងដៃ ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុកាលពីព្រឹកថ្ងៃចន្ទ។

លោកបានគូសបញ្ជាក់ថា អ្នករបួសទាំងប្រាំមួយនាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយបន្ថែមថា អ្នករបួសទាំងអស់ត្រូវបានរងរបួសដោយគ្រាប់កាំភ្លើង។

លោក Sakya ​បាន​បន្ត​ថា ពេល​នេះ​ប៉ូលីស​កំពុង​ស៊ើបអង្កេត​អ្នក​ដែល​ពាក់ព័ន្ធ ហើយ​កោះហៅ​អ្នក​រៀបចំ និង​ម្ចាស់​ក្លឹប​រាត្រី​មក​សាកសួរ៕