(តេហេរ៉ង់)៖ នៅថ្ងៃចន្ទនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ បានឱ្យដឹងថា អ៉ីរ៉ង់បានអញ្ជើញព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតជាផ្លូវការ ដើម្បីឱ្យទ្រង់យាងបំពេញព្រះរាជទស្សនកិច្ច មកកាន់ប្រទេសអ៉ីរ៉ង់ ក្រោយប្រទេសដែលជាគូបដិបក្ខប្រចាំតំបន់ទាំងពីរនេះ បានយល់ព្រមបញ្ចប់​អរិភាពរាប់ឆ្នាំរវាងគ្នា តាមរយៈកិច្ចព្រមព្រៀងកាលពីខែមីនា ដែលសម្រេចបាន ក្រោមការជួយសម្រុះសម្រួលរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក ណាសសឺ កាណាអានី (Nasser Kanaani) បានប្រកាសក្នុងសន្និសីទសារព័ត៌មានមួយថា «ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) បានផ្ញើលិខិតអញ្ជើញជាផ្លូវការ ទៅកាន់ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ជាការឆ្លើយតបចំពោះ ការអញ្ជើញឱ្យបំពេញទស្សនកិច្ចរបស់ទីក្រុងរីយ៉ាដ សម្រាប់រូបលោក»។ ទន្ទឹមគ្នានេះដែរ ប្រទេសទាំងពីរកំពុងតែរៀបចំ ដើម្បីបើកស្ថានទូតពួកគេឡើងវិញជាផ្លូវការរ ដោយខាងទីក្រុងតេហេរ៉ង់បាននិយាយថា បេសកកម្មការទូតទាំងនេះ នឹងចាប់ផ្តើមធ្វើ​សកម្មភាពមិនយូរជាងថ្ងៃទី៩ ខែឧសភាឡើយ។

គួរបញ្ជាក់ថា ក្រោយទំនាក់ទំនងមិនល្អរាប់ឆ្នាំ ដែលបានដុតបញ្ឆេះជម្លោះបែបកូនអុក នៅពាសពេញតំបន់មជ្ឈិមបូព៌ា រាប់ចាប់តាំងតែពី​យេម៉ែនដល់ស៉ីរី ជាទីដែលទីក្រុងតេហេរ៉ង់និងទីក្រុងរីយ៉ាដ បានផ្តល់ការគាំទ្រដល់ភាគីប្រឆាំងគ្នានោះ សាធារណរដ្ឋអ៉ីស្លាម ដែលប្រកាន់និកាយស៉ីអ៉ីត ហើយនិងព្រះរាជាណាចក្រអារ៉ាប់ដែលប្រកាន់និកាយស៊ុននីទាំងពីរនេះ ទីបំផុតបានឈានដល់កិច្ចព្រមព្រៀងផ្សះផ្សារទំនាក់ទំនង​ឡើងវិញ ដើម្បីបិទបញ្ចប់ភាពប្រេះឆាផ្នែកការទូត ដែលមានរយៈពេលសរុប៧ឆ្នាំ៕