(ប៉េកាំង)៖ «ខ្ញុំចូលចិត្តប្រទេសចិន កន្លែងនេះមានសក្តានុពលអភិវឌ្ឍន៍ដ៏ធំណាស់»។ ក្នុងពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទីបី ដែលបើកធ្វើពីថ្ងៃទី១០ដល់ថ្ងៃទី១៥ខែមេសា អ្នកទទួលខុសត្រូវនៃក្រុមហ៊ុនគ្រឿងសំអាងដ៏ល្បីឈ្មោះមួយ របស់អ៊ីតាលីបានប្រាប់អ្នកសារព័ត៌មានដូចពោលខាងលើ។ ពាណិជ្ជករបរទេសដែលមានសុទិដ្ឋិនិយម ចំពោះប្រទេសចិនដូចលោកអ៊ីចឹងគឺមានច្រើនណាស់។

ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកនេះជាពិព័រណ៍អន្តរជាតិដ៏ធំ និងសំខាន់លើកទីមួយដែលបើកធ្វើបន្ទាប់ពីចិនឈានចូល ដំណាក់កាលប្រកបដោយភាពនឹងនរនៃការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ ដែលបានទាក់ទាញទំនិញប្រើប្រាស់ល្អៗជាង៤ពាន់ នៃប្រទេសនិងតំបន់ជាង៦០លើទូទាំងពិភពលោកមកដាក់តាំងបង្ហាញ ហើយម៉ាកដ៏ល្បីឈ្មោះលើផ្ទៃអន្តរជាតិនៃមុខរបរ ជាច្រើនគឺចូលរួមពិព័រណ៍ជាលើកដំបូង។ ក្នុងរយៈពេល៦ថ្ងៃ ទំនិញថ្មីនិងទំនិញល្អៗជាច្រើនបានបង្ហាញមុខជាបន្តបន្ទាប់ អ្នកទស្សនានិងពាណិជ្ជករបញ្ជាទិញដែលមានចំនួនច្រើនរាប់មិនអស់ បានទៅទិញទំនិញគ្រប់បែបយ៉ាងនៅស្តង់តាំងពិព័រណ៍នានា។

បច្ចុប្បន្ននេះ ប្រទេសចិនជាទីផ្សារប្រើប្រាស់ទំនិញធំទីពីរនិងជាទីផ្សារ លក់រាយតាមបណ្តាញអ៊ីធើណេតធំទីមួយលើទូទាំងពិភពលោក សមាមាត្រនៃចំណាយខាងការប្រើប្រាស់ចុងក្រោយក្នុងផលិតផល ក្នុងស្រុកសរុបបានរក្សាចំនួនលើសពី៥០ភាគរយ ក្នុងរយៈពេល១២ឆ្នាំជាប់ៗគ្នា ។ ទីផ្សារប្រើប្រាស់របស់ចិននៅត្រីមាសទីមួយឆ្នាំនេះបានស្តារឡើងវិញជាលំដាប់ សន្ទស្សន៍អំពីភាពរុងរឿងនៃមុខរបរលក់រាយនៅខែមីនា គឺឡើងដល់៥០,៦ភាគរយ ដែលបានកើនឡើង០,៣ភាគរយបើប្រៀបធៀបនឹងខែកុម្ភៈ ។ ប្រការនេះបានផ្តល់ឱកាសកាន់តែច្រើនដល់ សហគ្រាសប្រទេសនានាចូលក្នុងទីផ្សារធំៗរបស់ចិន។

ប៉ុន្មានឆ្នាំកន្លងទៅនេះ និន្នាការលើកកម្ពស់លំដាប់ថ្នាក់នៃការប្រើប្រាស់របស់ចិន គឺច្បាស់លាស់ណាស់ “ការប្រើប្រាស់និងច្នៃប្រឌិតថ្មី”ក៏ក្លាយជាពាក្យគន្លឹះមួយនៃពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកនេះផងដែរ។ 《របាយការណ៍ស្តីពីសន្ទស្សន៍ច្នៃប្រឌិតថ្មីសកលឆ្នាំ២០២២》ដែលចេញផ្សាយដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោកបានបង្ហាញថា ចិនបានជាប់ចំណាត់ថ្នាក់ទី១១ ដែលបានកើនឡើងដោយនឹងនរក្នុងរយៈពេល១០ឆ្នាំជាប់ៗគ្នា ។ ប្រការនេះបាននាំមកនូវកម្លាំងចលករអភិវឌ្ឍន៍ថ្មី ដល់សហគ្រាសបរទេស។

បើនិយាយចំពោះសហគ្រាសបរទេសជាច្រើន ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកនេះមិនត្រឹមតែជា វេទិកាសម្រាប់ដាក់តាំងបង្ហាញផលិតផលប៉ុណ្ណោះទេ ថែមទាំងក៏ជាឱកាសបង្កើតអនាគតមួយផងដែរ ។ ចាប់តាំងពីបានរៀបចំធ្វើពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទីមួយនៅឆ្នាំ២០២១មក សហគ្រាសផលិតទំនិញប្រើប្រាស់អន្តរជាតិកាន់តែច្រើនឡើងៗ បានប្រកបអាជីវកម្មនៅខេត្ត Hainan។ ក្នុងក្រសែភ្នែករបស់សហគ្រាសទាំងនេះ បរិយាកាសប្រកបអាជីវកម្មប្រកបដោយគុណភាពល្អប្រសើរ ដែលមានភាពបើកទូលាយនិងបរិយាប័ន្នរបស់ចិន វិធានការបើកទូលាយគ្រប់ផ្នែកដែលលើកឡើងដោយ កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ជាពិសេស លក្ខណៈពិសេសអំពីការបើកទូលាយនៃកំពង់ផែពាណិជ្ជកម្មសេរីខេត្ត Hainan សុទ្ធតែបានផ្តល់ឱកាសសម្រាប់ឱ្យសហគ្រាសទាំងនោះ ផ្តោតសំខាន់ទៅលើប្រទេសចិននិងសម្លឹងមើលទៅកាន់ទូទាំងពិភពលោក។

ឆ្នាំនេះ ចិននិងបន្តជំរុញការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់ វិធានការមួយចំនួននឹងផ្តល់លំហអភិវឌ្ឍន៍កាន់តែធំ និងបរិយាកាសអភិវឌ្ឍន៍កាន់តែទុកចិត្តបានដល់ពាណិជ្ជករបរទេស។ ចិនសម្រេចបាននូវពាក្យសន្យារបស់ខ្លួនតាមរយៈ ការអនុវត្តជាក់ស្តែងឥតឈប់ឈរ ពោលគឺធ្វើឱ្យទីផ្សាររបស់ប្រទេសចិនក្លាយជាទីផ្សាររបស់ពិភពលោកនិងទីផ្សារដែលអាចចែករំលែកបាន។ ក្នុងពិភពលោកដែលមានភាពមិនប្រាកដប្រជា ភាពប្រាកដប្រជារបស់ចិនជាសសរទ្រទ្រង់ក្នុង ការគាំពារសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន