(សេអ៊ូល)៖ កងទ័ពអាកាសកូរ៉េខាងត្បូងបានឱ្យដឹងថា នៅថ្ងៃចន្ទនេះកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានចាប់ផ្តើមការធ្វើសមយុទ្ធយោធា​ផ្លូវអាកាសរួមគ្នាក្នុងទ្រង់ទ្រាយធំ ចំពោះមុខកិច្ចប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពការពារជាតិ ក្នុងគោលដៅប្រឆាំងទប់ទល់នឹង ការគំរាមកំហែង​ផ្នែកយោធាពីសំណាក់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣។

យន្តហោះប្រហែល១១០គ្រឿង ព្រមទាំងកងទ័ពជាង១,៤០០នាក់ ត្រូវបានចល័តសម្រាប់សមយុទ្ធយោធា Korea Flying Training (KFT) ឆ្នាំ២០២៣នេះ ដែលនឹងប្រព្រឹត្តទៅរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃចន្ទនេះ នៅឯមូលដ្ឋានយោធាទ័ពអាកាស ក្នុងទីក្រុងក្វាងជូ (Gwangju) ចម្ងាយ២៦៧គីឡូម៉ែត្រ ពីភាគខាងត្បូងរដ្ឋធានីសេអ៊ូល។ យន្តហោះចម្បាំងកូរ៉េខាងត្បូងជាង៦០គ្រឿង រួមមានដូចជា F-35A, F-15K និង KF-16 នឹងចូលរួមក្នុងសមយុទ្ធនេះ ខណៈខាងសហរដ្ឋអាមេរិក នឹងចល័តយន្តហោះប្រហែល ៤០គ្រឿង រួមមានដូចជា F-16, A-10, F-35B និង FA-18។

គួរបញ្ជាក់ថា​ សមយុទ្ធយោធាខាងលើ ស្ថិតក្នុងចំណោមសមយុទ្ធយោធាផ្លូវអាកាសធំៗ២ ដែលអាមេរិកនិងកូរ៉េខាងត្បូងតែងធ្វើរួមគ្នា ជារៀងរាល់រាល់ឆ្នាំ។ សមយុទ្ធ KFT គឺត្រូវប្រារព្ធឡើងកំលុង៦ខែដំបូងនៃដើមឆ្នាំ ខណៈសមយុទ្ធផ្លូវអាកាសទ្រង់ទ្រាយធំមួយទៀត ដែលឆ្នាំមុនហៅថា Vigilant Storm គឺប្រារព្ធឡើងកំលុង៦ខែចុងឆ្នាំ។ នៅថ្ងៃចន្ទនេះ អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ក៏បានធ្វើសមយុទ្ធការពារមីស៉ីល ក្នុងលក្ខណៈត្រីភាគី នៅឯសមុទ្រខាងកើតផងដែរ។

ក្នុងឆ្នាំ២០២៣នេះ ភាពតាននៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់នៅឧបទ្វីបកូរ៉េ ចំពោះមុខការបង្កើនសកម្មភាពធ្វើតេស្តសព្វាវុធរបស់កូរ៉េខាងជើង រួមមានទាំងការបាញ់ល្បងជាលើកដំបូង នូវមីស៉ីល ICBM ដែលដំណើរការដោយឥន្ធនៈរឹង កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលក្រុមអ្នក​ជំនាញអះអាងថា នឹងអាចជួយឱ្យទីក្រុងព្យុងយ៉ាងអាចរៀបចំបាញ់មីស៉ីល បានលឿនជាងមុន៕