(ញូដេលី)៖ អាជ្ញាធរឥណ្ឌាបានឱ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោចណាស់ចំនួន១១នាក់ បានបាត់បង់ជីវិត និងជាង៤០នាក់ទៀត ត្រូវបានបញ្ជូនទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែទទួលរងចំហាយកម្តៅខ្លាំងពីព្រះអាទិត្យ បន្ទាប់ពីពួកគេបានចូលរួម ក្នុង​ព្រឹត្តិការណ៍ផ្តល់ពានរង្វាន់មួយ ដែលឧបត្ថម្ភដោយរដ្ឋាភិបាល នៅឯរដ្ឋម៉ាហារ៉ាស្ត្រា (Maharashtra) ភាគខាងលិចប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍ខាងលើត្រូវបានប្រារព្ធឡើង កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្នុងលក្ខណៈបើកចំហកណ្តាលវាល នៅតំបន់ណាវីម៉ុមបៃ (Navi Mumbai។ មនុស្សរាប់ពាន់នាក់បាននាំគ្នាចូលរួមក្នុងព្រឹត្តិការណ៍នោះ ដែលបានប្រព្រឹត្តទៅរយៈពេលប្រហែល៥ម៉ោង ទាំងស្ថិតក្រោម​ស្ថានភាពថ្ងៃក្តៅហែង។ ជាលទ្ធផល មនុស្ស១១នាក់បានស្លាប់ និង៤៤នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ស្របពេលដែល​ក្រុមវេជ្ជបណ្ឌិតបាននិយាយថា ពួកគេភាគច្រើនបានជួប អាការខ្លួនឡើងកម្តៅលើសជ្រុល ខ្សោះជាតិទឹក ហើយនិងបញ្ហាផ្សេងៗទៀត ពាក់ព័ន្ធជាមួយនឹងការរងចំហាយកម្តៅខ្លាំង។

អ្នកស្រុកឥណ្ឌាក្នុងតំបន់បានអះអាងថា ក្រុមអ្នករៀបចំព្រឹត្តិការណ៍ មានកន្លែងផ្តល់ម្លប់សម្រាប់តែក្រុមភ្ញៀវ VIP ប៉ុណ្ណោះ ហើយមិនបាន​គិតគូររៀបចំផ្តល់កន្លែងជ្រកបណ្តោះអាសន្ន ដើម្បីជួយការពារអ្នកចូលរួមទូទៅដទៃទៀតពីពន្លឺថ្ងៃឡើយ។ កាលពីថ្ងៃអាទិត្យ តំបន់ខាងលើ បានកត់ត្រាសីតុណ្ហភាពក្នុងកម្រិតអតិបរមា៣៨អង្សាសេ។ មួយរយៈចុងក្រោយនេះ ក្រុមអ្នកជំនាញសុខាភិបាលឥណ្ឌា ក៏បានផ្តល់ការណែនាំឱ្យ​ប្រជាជនចៀសវាងស្ថិតនៅក្រោមកម្តៅថ្ងៃចំផ្ទាល់ផងដែរ ជាពិសេសកំលុងពេលថ្ងៃត្រង់។

គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាសក្នុងខែនេះរបស់អាជ្ញាធរឧតុនិយមឥណ្ឌា គឺតំបន់ភាគច្រើននៃប្រទេសឥណ្ឌា នឹងត្រូវជួបប្រទះនូវ​កម្រិតសីតុណ្ហភាពអតិបរមាខ្ពស់ជាងធម្មតា ចាប់ពីខែមេសា ដល់ខែមិថុនា។ ក្នុងឆ្នាំ២០២៣នេះ ឥណ្ឌាក៏បានកត់ត្រានូវខែកុម្ភៈដែលក្តៅ​ជាងគេបំផុត គិតចាប់តាំងពីឆ្នាំ១៩០១ ថែមទៀតផង៕