(កៀវ)៖ រដ្ឋមន្រ្តីកសិកម្មអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវ មានបំណងសម្រេចឱ្យបាន នូវ​ការបើកដំណើរការដឹកជញ្ជូនស្បៀងអាហារ និងគ្រាប់ធញ្ញជាតិតាមរយៈប្រទេសប៉ូឡូញឡើងវិញ ដែលជាជំហានដំបូងក្នុងកិច្ចពិភាក្សានៅឯទីក្រុងវ៉ាសូវី (Warsaw) នាថ្ងៃចន្ទនេះ បន្ទាប់ពីប៉ូឡូញ និងហុងគ្រី បានប្រកាសហាមឃាត់ការនាំចូលមួយចំនួនពីអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣។

ផ្នែកមួយចំនួននៃកំពង់ផែសមុទ្រខ្មៅត្រូវបានបិទ បន្ទាប់ពីរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែនកាលពីឆ្នាំ ២០២២ ហើយបរិមាណដ៏ច្រើននៃគ្រាប់ធញ្ញជាតិអ៊ុយក្រែន ដែលមានតម្លៃផលិតថោកជាងនៅក្នុងសហភាពអឺរ៉ុប ក៏ត្រូវបានស្ថិតនៅតាម បណ្តាប្រទេសអឺរ៉ុបកណ្តាល។ បញ្ហានេះបង្កផលប៉ះពាល់ដល់តម្លៃ និងការលក់របស់កសិករក្នុងស្រុករបស់ប្រទេសទាំងនោះ។

រដ្ឋមន្ត្រីកសិកម្មអ៊ុយក្រែន លោក ម៉ាកូឡា សូលស្គី (Mykola Solsky) បានគូសបញ្ជាក់ថា «ជំហានដំបូង តាមគំនិតរបស់យើង គួរតែជាការបើកដំណើរការឆ្លងកាត់ ព្រោះវាមានសារៈសំខាន់ណាស់ ហើយវាជារឿងដែលគួរធ្វើដោយគ្មានលក្ខខណ្ឌ ហើយបន្ទាប់ពីនោះ យើងនឹងនិយាយអំពីរឿងផ្សេងទៀត។ បើនិយាយពីតួលេខវិញ អ្វីៗដែលឆ្លងកាត់តាមព្រំដែនប៉ូឡូញ គឺធ្លាប់មានទំហំស្មើនឹងប្រហែល ១០% នៃផលិតផលស្បៀងទាំងអស់ដែលអ៊ុយក្រែនបាននាំចេញ។ ដោយឡែក ការនាំចេញទៅប្រទេសហុងគ្រីមានប្រហែល ៦% នៃការនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែន»

គួរបញ្ជាក់ថា ជាធម្មតាអ៊ុយក្រែននាំចេញទំនិញកសិកម្មរបស់ខ្លួនភាគច្រើន ជាពិសេសគ្រាប់ធញ្ញជាតិ តាមរយៈកំពង់ផែសមុទ្រខ្មៅ ដែលមួយចំនួនត្រូវបានបើកឡើងវិញ កាលពីខែកក្កដា ឆ្នាំ២០២២ ក្រោមក្រោមកិច្ចព្រមព្រៀងរវាងអ៊ុយក្រែន-រុស្ស៊ី សម្របសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិ។ ដោយឡែក បើតាមលោក សូលស្គី ដំណើរការដឹកជញ្ជូនស្បៀងឆ្លងកាត់​ស្លូវ៉ាគីនិងហុងគ្រី គឺមិនរងការប៉ះពាល់អ្វីឡើយ៕