(មូស្គូ)៖ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 បានព្រមព្រៀងគ្នារក្សាទណ្ឌកម្មប្រឆាំងរុស្ស៉ីឱ្យនៅដដែល ហើយបន្តគាំទ្រអ៊ុយក្រែន និងរួមគ្នាពង្រឹងការគ្រប់គ្រងដែលអនុលោមតាមការកំណត់នាពេលកន្លង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់អ្នករៀបចំកិច្ចប្រជុំដែល TASS ទទួលបាន មានខ្លឹមសារយ៉ាងដូច្នេះថា «រដ្ឋមន្ត្រីការបរទេស G7 បានបញ្ជាក់ពីការប្តេជ្ញាចិត្តលើការពង្រឹង សម្របសម្រួលយ៉ាងពេញលេញ និងពិនិត្យលើដំណើការអនុវត្តទណ្ឌកម្មប្រឆាំងរុស្ស៉ី ក៏ដូចជាបន្តការគាំទ្រយ៉ាងរឹងមាំសម្រាប់អ៊ុយក្រែន»។ លើសពីនេះ រដ្ឋមន្ត្រីការបរទេស G7 ក៏បានព្រមព្រៀងគ្នាពង្រឹងកិច្ចសម្របសម្រួល ដើម្បីការពារ និងឆ្លើយតបទៅនឹងការគេចវេះពីទណ្ឌកម្ម ក៏ដូចជាការផ្គត់ផ្គង់អាវុធពីភាគីទីបីដល់រុស្ស៊ី»

គួរបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំនៅឆ្នាំ២០២៣នេះ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូស៉ីម៉ាសា ហាយ៉ាស៉ិ (Yoshimasa Hayashi) បានកត់សម្គាល់ពីសារៈសំខាន់នៃការបន្តដាក់ទណ្ឌកម្មលើរុស្ស៉ី និងគាំទ្រសម្រាប់អ៊ុយក្រែន ថាជាការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា រួមមានទាំងក្រុមប្រទេស «លោកខាងត្បូង»