(សេអ៊ូល)៖ កងទ័ពជើងទឹកកូរ៉េខាងត្បូង បានឱ្យដឹងថា នៅថ្ងៃចន្ទនេះ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ហើយនិងជប៉ុន បានចាប់ផ្តើមការធ្វើសមយុទ្ធរួមគ្នាដើម្បីហ្វឹកហាត់ការពារមីស៉ីល ស្របពេលដែលប្រទេសទាំង៣ កំពុងតែព្យាយាមជំរុញឱ្យ កិច្ចសហប្រតិបត្តិការសន្តិសុខកាន់តែរឹងមាំ​ជាងមុន ដើម្បីទប់ទល់ការគំរាមកំហែងមីស៉ីលរបស់កូរ៉េខាងជើង ដែលកាន់តែវិវត្តខ្លាំងឡើងៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣។

សមយុទ្ធយោធាខាងលើកើតមានឡើង បន្ទាប់ពីទីក្រុងសេអ៊ូល វ៉ាស៉ីនតោន និងតូក្យូ បានព្រមព្រៀងគ្នាកំលុងកិច្ចពិភាក្សាត្រីភាគី នៅទីក្រុងវ៉ាស៉ីនតោន កាលពីប៉ុន្មាន​ថ្ងៃកន្លងទៅនេះ ស្តីពីការរៀបចំឱ្យមានការធ្វើសមយុទ្ធយោធារួមគ្នាជាប្រចាំ ដែលផ្តោតលើការការពារមីស៉ីល និងការប្រឆាំងនាវាមុជទឹក ដើម្បីជាផ្នែកនៃកិច្ចប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការយោធា និងការទូតរវាងកូរ៉េខាងត្បូង អាមេរិក និងជប៉ុន។

សមយុទ្ធថ្ងៃចន្ទនេះប្រព្រឹត្តទៅ នៅក្នុងដែនទឹកអន្តរជាតិនៃតំបន់សមុទ្រខាងកើត (សមុទ្រជប៉ុន) ដែលស្ថិតនៅចន្លោះឧបទ្វីបកូរ៉េនិងជប៉ុន ហើយមានការចូលរួមពីសំណាក់នាវាចម្បាំង យុលហ្កោក យី វ័ន (Yulgok Yi I) របស់កូរ៉េខាងត្បូង, នាវាចម្បាំង USS Benfold (បេនហ្វូល) របស់អាមេរិក ព្រមទាំងនាវាចម្បាំង អាតាហ្កុ (Atago) របស់ជប៉ុន។ លើកចុងក្រោយដែលប្រទេសទាំង៣ បានធ្វើសមយុទ្ធ​ការពារមីស៉ីលក្នុងលក្ខណៈត្រីភាគីបែបនេះ គឺកាលពីខែកុម្ភៈ។

គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើង ខណៈដែលកូរ៉េខាងជើងបានបង្កើនសកម្មភាពយោធា​របស់ខ្លួន ក្នុងនោះរួមមានទាំង ការបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីបប្រភេទថ្មី ដែលប្រើបច្ចេកវិទ្យាឥន្ធនៈរឹងជាលើកដំបូង កាលពីថ្ងៃ​សុក្រសប្តាហ៍មុន ដោយក្រុមអ្នកជំនាញអះអាងថា អាចនឹងជួយឱ្យទីក្រុងព្យុងយ៉ាងរៀបចំបាញ់មីស៉ីលបានលឿនជាងមុន៕