(វ៉ាស៉ីនតោន)៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា មនុស្សយ៉ាងហោចចំនួន៤នាក់ បានបាត់បង់ជីវិត និងរាប់សិបនាក់ទៀតបានទទួលរងរបួស ក្នុងករណីបាញ់ប្រហារ ដែលបានកើតឡើងកំលុងពិធីអបអរខួបកំណើត នៅក្រុងតូចមួយឈ្មោះថា ដាដេវៀល (Dadeville) នៃរដ្ឋអាឡាបាម៉ា (Alabama) របស់សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣។

ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង១០យប់ថ្ងៃសៅរ៍សប្តាហ៍មុន (ពេលវេលាក្នុងតំបន់នៅអាមេរិក)។ អាជ្ញាធរអាមេរិក បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា អ្នកដែលរងរបួសមានចំនួន២៨នាក់ ហើយក្នុងចំណោមនោះអ្នកខ្លះរងរបួសធ្ងន់។ យ៉ាងណាមិញ ពុំមានការបង្ហើប​ថា អំពើហិង្សាដោយកាំភ្លើងនេះបណ្តាលមកពីមូលហេតុអ្វី ឬមួយក៏ថាតើមានជនសង្ស័យណាម្នាក់ ត្រូវបានចាប់ខ្លួន ឬបាញ់សម្លាប់នោះទេ។ ទោះជាបែបនេះក្តី ខាងប៉ូលិសអាមេរិកបានអះអាងថា លែងមានការគំរាមកំហែងណាមួយ ចំពោះសហគមន៍​ទៀតហើយ។

គួរបញ្ជាក់ថា ករណីបាញ់ប្រហារនៅទីក្រុង Dadeville បានកើតឡើងនៅរយៈពេលត្រឹម៥ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបុគ្គលិកធនាគារម្នាក់ បានធ្វើសកម្មភាពបាញ់សម្លាប់ មិត្តរួមការងារ៥នាក់ និងបង្កឱ្យរបួស៩នាក់ នៅកន្លែងធ្វើការ ក្នុងទីក្រុងល្វីសវៀល (Louiseville) នៃរដ្ឋខិនថាក់គី (Kentucky)។ ចំណែកកាលពីថ្ងៃទី២៧ ខែមីនា ក្មេងអាយុ៩ឆ្នាំ៣នាក់ និងបុគ្គលិក៣នាក់ ត្រូវបានបាញ់សម្លាប់ នៅសាលារៀនឯកជនមួយ ក្នុងទីក្រុងណាស់វៀល (Nashville) នៃរដ្ឋថេនណេសស៉ី (Tennessee)។ យោងតាមអង្គការ Gun Violence Archive គិតត្រឹមពេលនេះ ក្នុងឆ្នាំ២០២៣ សហរដ្ឋអាមេរិក បានមើលឃើញមាន ករណីបាញ់ប្រហារដែលបង្កឱ្យមាន មនុស្សស្លាប់ឬរបួសចាប់ពី៤នាក់ឡើងទៅ គឺជាង១៦០ករណីហើយ៕