(តេហេរ៉ង់)៖ តុលាការ​ នៅក្នុងប្រទេសអ៉ីរ៉ង់បានប្រកាសផ្តន្ទាទោសដាក់ពន្ធនាគារមនុស្សចំនួន ១០នាក់ ដោយមិនប្រកាសអត្តសញ្ញាណពួកគេ ដែលជាអ្នកត្រូវទទួលខុសត្រូវ ចំពោះការបាញ់ទម្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ដោយបណ្ដាលឱ្យមនុស្សជិះនៅលើនោះទាំងអស់១៧៦នាក់ កាលពីខែមករា ឆ្នាំ២០២០។ នេះបើ យោងតាមការដកស្រង់ផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣។

បើតាមគេហទំព័រព័ត៌មានផ្លូវការរបស់តុលាការអ៉ីរ៉ង់ គេដឹងត្រឹមថាជនសង្ស័យសំខាន់ក្នុងសំណុំរឿងនេះគឺជាមេបញ្ជាការ ដែលបានបញ្ជាប្រព័ន្ធមីស៉ីល Tor-M1 បាញ់ទម្លាក់យន្តហោះ ខាងលើ ហើយត្រូវទទួលការកាត់ទោសរយៈពេល ១០ឆ្នាំ ពីបទមិនស្តាប់បង្គាប់ និង ៣ឆ្នាំសម្រាប់ការប្រព្រឹត្តបទល្មើសឃាតកម្ម។

បុគ្គលទាំងអស់នឹងត្រូវជាប់ពន្ធនាគារអតិបរមា ១០ឆ្នាំ ហើយត្រូវសងសំណងដល់គ្រួសារនៃជនរងគ្រោះចំនួន ១៧៦នាក់ នៃជើងហោះហើរនោះ។ ជាមួយគ្នានេះ តុលាការយោធា ក៏បានចេញបញ្ជាឲ្យបន្តការស៊ើបអង្កេតលើបុគ្គលផ្សេងទៀត ដែលអាចជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះដែរ។

គួរបញ្ជាក់ថា ជើងហោះហើរ PS752 របស់អ៊ុយក្រែន បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិអ៉ីម៉ាំ ខូមៃនី (Imam Khomeini) ក្នុងរដ្ឋធានីរបស់អ៉ីរ៉ង់ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ហើយត្រូវបានបាញ់ទម្លាក់តែប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីហោះឡើង។ កាលនោះ អាជ្ញាធរអ៉ីរ៉ង់ បានបដិសេធថាយន្តហោះនេះមិនត្រូវបានគេបាញ់ទម្លាក់ទេ ប៉ុន្តែបានទទួលស្គាល់ការបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរនេះនៅ៣ថ្ងៃក្រោយមក៕