(តៃប៉ិ)៖ ក្រសួងការពារជាតិចិន នៅថ្ងៃចន្ទនេះបាននិយាយថាយន្ដហោះចម្បាំង១៨គ្រឿង និងនាវាចម្បាំង៤គ្រឿងរបស់ចិន នៅតែបន្តធ្វើប្រតិបត្តិការនៅជុំវិញកោះតៃវ៉ាន់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣។

ចិន ត្រូវបានគេរាយការណ៍ថានៅតែបន្តធ្វើសកម្មភាពយោធារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ ក្នុងលក្ខណៈទ្រង់ទ្រាយតូច បន្ទាប់ពីបានបិទបញ្ចប់ការធ្វើសមយុទ្ធយោធាជាការសងសឹក ទៅនឹងជំនួបរវាងមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន និងប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ខេវិន ម៉ាកខាធី លើទឹកដីអាមេរិក។

នៅថ្ងៃចន្ទនេះ កងទ័ពជើងទឹកអាមេរិក ក៏បានអះអាងដែរថា នាវាពិឃាដ យូអេសអេស ម៉ៃលៀស (USS Milius) របស់ខ្លួន បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ កងនាវាទី៧ នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅក្នុងសេចក្ដីថ្លែងការណ៍មួយ បានបញ្ជាក់ថា នាវាពិឃាដប្រដាប់ដោយមីស៊ីល USS Milius តែងតែឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាប្រចាំនៅត្រង់ចំណុចដែនទឹក ដែលមានសេរីភាពនៃការធ្វើនាវាចរ និងការហោះហើរ ស្របតាមច្បាប់អន្តរជាតិ ហើយថាការឆ្លងកាត់ របស់នាវានេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន នាវាចម្បាំង USS Milius នេះបានធ្វើដំណើរទៅជិតកោះសិប្បនិម្មិតដ៏សំខាន់មួយគ្រប់គ្រងដោយចិន ហៅថា Mischief Reef ក្នុងសមុទ្រចិនខាងត្បូង ខណៈទីក្រុងប៉េកាំងចាត់ទុកថាជាទង្វើខុសច្បាប់៕