(តៃប៉ិ)៖ នាវាពិឃាដ យូអេសអេស ម៉ៃលៀស (USS Milius) របស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ខណៈ កងទ័ពជើងទឹកអាមេរិក នៅថ្ងៃចន្ទនេះ បានពិពណ៌នាថាជា «ជាការធ្វើដំណើរឆ្លងកាតជាទម្លាប់ធម្មតា» ដែលបានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយចិន បិទបញ្ចប់សមយុទ្ធ យោធានៅជុំវិញកោះតៃវ៉ាន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កងនាវាទី៧ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា នាវាពិឃាដប្រដាប់ដោយមីស៊ីល USS Milius តែងតែឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាប្រចាំនៅត្រង់ចំណុចដែនទឹក ដែលមានសេរីភាពនៃការធ្វើនាវាចរ និងការហោះហើរ ស្របតាមច្បាប់អន្តរជាតិ។ ការឆ្លងកាត់របស់នាវានេះបង្ហាញពីការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។

គួរបញ្ជាក់ថា កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបើកនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្នុងមួយខែម្តង ហើយថែមទាំងធ្វើបេសកកម្មនាវាចរដោយសេរីដូចគ្នានេះជាទៀងទាត់ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ កាលពីសប្តាហ៍មុន នាវាចម្បាំង USS Milius នេះបានធ្វើដំណើរទៅជិតកោះសិប្បនិម្មិតដ៏សំខាន់មួយគ្រប់គ្រងដោយចិន ហៅថា Mischief Reef ក្នុងសមុទ្រចិនខាងត្បូង ដោយទីក្រុងប៉េកាំងចាត់ទុកថាជាទង្វើខុសច្បាប់៕