(តូក្យូ)៖ ការគាំទ្រសម្រាប់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) បានកើនឡើងនៅក្នុងការស្ទង់មតិមួយ ដែលធ្វើឡើងកាលពី ចុងសប្តាហ៍កន្លងទៅ ប៉ុន្តែអ្នកបោះឆ្នោតនៅតែមានការសង្ស័យលើគោលនយោបាយរបស់លោក ដែលរួមមានទាំងផែនការថែទាំកុមារក្នុងបំណងកែប្រែទិសដៅធ្លាក់ចុះ នៃអត្រា កំណើតទាប។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣។

ការស្ទង់មតិដែលធ្វើឡើងដោយទូរទស្សន៍ ANN កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ បានរកឃើញថា ៤៥.៣% នៃអ្នកដែលត្រូវបានសម្ភាសន៍ បង្ហាញការគាំទ្រដល់រដ្ឋាភិបាលលោក គីស៉ីដា ដែលនេះកើនឡើង ១០.២% ធៀបទៅនឹងកាលពីខែមីនា។ ប៉ុន្តែប្រហែល ៨០% មិនគិតថាផែនការថែទាំកុមាររបស់រដ្ឋាភិបាលនឹងជួយដោះស្រាយ បានច្រើននូវ បញ្ហាអត្រាកំណើតទាបនោះទេ ហើយអ្នកខ្លះទៀតប្រហែល ៦០% មិនយល់ស្របនឹងការផ្តល់មូលនិធិដល់ផែនការទាំងនោះទេ ព្រោះតែបង្កើនបន្ទុកលើអ្នកបង់ពន្ធ។ សមាជិកសភានៃគណបក្សកាន់អំណាចក្នុងប្រទេសជប៉ុន ធ្លាប់បានប្រាប់ Reuters ថា ជប៉ុនគួរតែចំណាយប្រហែល ៥ទ្រីលានយ៉េន ឬជាង ៣៧លានដុល្លារសម្រាប់ ផែនការថ្មីនេះ ដោយមិនបានច្រានចោលលទ្ធភាពបន្ថែមបំណុលនោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោក គីស៉ីដា ត្រូវបានជម្លៀសចេញដោយសុវត្ថិភាពបន្ទាប់ពីមានករណីគប់គ្រាប់បែកផ្សែង កំលុងពេលថ្លែងសុន្ទរកថានៅ ទីសាធារណៈភាគខាងលិចប្រទេសជប៉ុន ជាឧប្បត្តិហេតុមួយដែលរំលឹកដល់ការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី លោក ស៊ីន ហ្សូអាបេ (Shinzo Abe) កាលពីខែកក្កដា ឆ្នាំ២០២២៕