(អាប៊ុយដាប៊ី)៖ ប្រធានាធិបតីប្រេស៉ីល លោក ល្វីស អ៉ីណាស្យ៉ូ លូឡា ដាស៉ីលវ៉ា (Luiz Inacio Lula da Silva) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានលើកសំណើ ជាថ្មីអំពីការបង្កើតក្រុមប្រទេសដែលមិនពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ដើម្បីធ្វើជាអាជ្ញាកណ្តាលស្វែងរកសសន្តិភាព ដោយនិយាយថាបានពិភាក្សាបញ្ហានេះជាមួយ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង កាលពីដើមសប្តាហ៍មុនរួចហើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣។

លោក លូឡា ដែលបានរិះគន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបសម្រាប់តួនាទីរបស់ពួកគេនៅក្នុងជម្លោះនោះ បានគូសបញ្ជាក់ថា «ខ្ញុំគិតថាយើងត្រូវចូលតុចរចាហើយ និយាយថាវាល្មមគ្រប់គ្រាន់ហើយ យើងត្រូវចាប់ផ្តើមនិយាយគ្នា ព្រោះសង្គ្រាមមិនដែលនាំមកនូវផលប្រយោជន៍អ្វីដល់មនុស្សជាតិឡើយ»

ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុងអាប៊ុយ ដាប៊ី (Abu Dhabi) នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ជាកន្លែងបិទបញ្ចប់ដំណើរទស្សនកិច្ចនៅអាស៊ី ប្រធានាធិបតីប្រេស៊ីលរូបនេះ បានបន្ថែមថា លោកកំពុងព្យាយាមប្រមូលផ្តុំមេដឹកនាំក្រុមប្រទេស ដែលចូលចិត្តនិយាយពីសន្តិភាពជាជាងសង្គ្រាម។ លោក លូឡា ក៏បានលើកឡើងពីលោក ស៉ី និងប្រធានាធិបតីអារ៉ាប់រួម ព្រះអង្គម្ចាស់ ហ្សៃយីត អាល់ ណាហ៉ីយ៉ាន (Sheikh Mohamed bin Zayed Al Nahyan) ដែលលោកបានជួបពិភាក្សាផងដែរ។

គួរបញ្ជាក់ថា លោកប្រធានាធិបតីប្រេស៉ីល លូឡា ធ្លាប់បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីដើមឆ្នាំ ២០២៣។ នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលរបស់លោក នឹងធ្វើជាម្ចាស់ផ្ទះទទួលរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergei Lavrov) នៅទីក្រុងប្រាស៉ីលីយ៉ា (Brasilia)៕