(តូក្យូ)៖ អ្នកនេសាទជប៉ុនមួយក្រុម ទទួលបានការកោតសរសើរជាវីរបុរស បានបន្ទាប់ពីពួកគេបានសន្ទុះទៅចាប់ជនសង្ស័យម្នាក់ដែលគប់គ្រាប់បែកកែច្នៃមួយគ្រាប់ ទៅកាន់ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Telegraph នៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣។

លោក គីស៉ីដា ត្រូវបានកងសន្តិសុខជម្លៀសចេញដោយសុវត្ថិភាព នៅក្នុងហេតុការណ៍ខាងលើដែលបានកើតឡើង ក្នុងទីក្រុង Wakayama ជាទីដែលលោក គីស៉ីដា ត្រូវថ្លែង សុន្ទរកថាកំលុងយុទ្ធនាការឃោសនាបោះឆ្នោតមួយ។ ហេតុការណ៍ផ្ទុះត្រូវបានគេចាត់ទុកថាជាការប៉ុនប៉ងធ្វើឃាតនេះ កើតឡើងនៅមុនពេលលោក គីស៉ីដា ថ្លែងសុន្ទរកថា តែជាសំណាងល្អមានអ្នកនេសាទមានក្រុមបានព្យាយាមចាប់ជនសង្ស័យ ជាហេតុធ្វើឱ្យជនសង្ស័យរូបនេះមិនអាចគប់គ្រាប់បែកទៅដល់លោក គីស៊ីដា។ នៅក្នុងចំណោមក្រុម អ្នកនេសាទ ក្នុងនោះមានបុរសម្នាក់ត្រូវបានគេស្គាល់ឈ្មោះថា ស្យុតូមូ កូនីស៉ិ (Tsutomu Konishi)។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកស៊ើបអង្កេតជប៉ុន ជនសង្ស័យត្រូវបានកំណត់អត្តសញ្ញាណមានឈ្មោះថា រីយូជី គីមូរ៉ា (Ryuji Kimura) ជាបុរសម្នាក់មានអាយុ២៤ឆ្នាំ រស់នៅក្នុង ទីក្រុង កាវ៉ានីស៉ិ (Kawanishi) នៃខេត្ត ហ៉ីយ៉ូហ្គូ (Hyogo)។ កាលពីថ្ងៃអាទិត្យម្សិលមិញ ប៉ូលិសក៏បានចុះឆែកឆេរផ្ទះជនសង្ស័យរូបនេះដែរ ដោយរកឃើញសម្ភារៈមួយចំនួន សម្រាប់ផលិតគ្រាប់បែកកែច្នៃ។ តែមិនទាន់មានការបញ្ជាក់ពីមូលហេតុនៅពីក្រោយការប៉ុនប៉ងធ្វើឃាតលោក គីស៊ីដា នៅឡើយទេ៕