(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ ដោយបានបង្ហាញការសាទរដល់កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំង២ ដែលត្រូវបានប្រកាសថាជាភាពជាដៃគូគ្មានព្រំដែន។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣។

កាលពីខែមីនាកន្លងទៅ លោកប្រធានាធិបតីចិន ស៊ី ជិនពីង ក៏បានជួបជាមួយលោក ពូទីនផងដែរក្នុងទីក្រុងមូស្គូ។ រុស្ស៉ី និងចិន បានពង្រឹងទំនាក់ទំនងនឹងគ្នាលើវិស័យជាច្រើន តួយ៉ាងដូចជាសេដ្ឋកិច្ច នយោបាយ និងយោធា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានបញ្ចេញវីដេអូដែលបង្ហាញ ពីលោក ពូទីន បានចាប់ដៃជាមួយលោក លី សាងហ្វូ មុននឹងអង្គុយចុះជជែកគ្នា ខណៈរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) ក៏មានវត្តមាន នៅឯជំនួបនោះដែរ។

ថ្លែងនាឱកាសនោះ​ លោក ពូទីន បានកត់សម្គាល់ដូច្នេះថា «យើងកំពុងធ្វើការយ៉ាងសកម្មតាមរយៈក្រសួងការពារជាតិ និងការផ្ដោះប្ដូរព័ត៌មានសំខាន់ៗ ការធ្វើការងាររួមគ្នា នៅក្នុងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាយោធា និងការធ្វើសមយុទ្ធយោធារួមគ្នា»

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅរុស្ស៉ី របស់លោក លី សាងហ្វូ គឺជាដំណើរទស្សនកិច្ចក្រៅប្រទេស ជាលើកដំបូងបំផុត ចាប់តាំងពីលោកត្រូវបានតែងតាំងជា រដ្ឋមន្ត្រីការពារជាតិចិនកាលពីខែមីនាមក និងចំពេលដែលសហរដ្ឋអាមេរិកចោទប្រកាន់ថាចិនអាចនឹងផ្ដល់អាវុធឱ្យរុស្ស៉ី។ ប៉ុន្តែទីក្រុងប៉េកាំងបានច្រានចោលការចោទប្រកាន់ បែបនេះ៕