(ម៉ានីល)៖ ហ្វីលីពីននិយាយថា ខ្លួនគ្មានចេតនាជ្រៀតជ្រែកក្នុងកិច្ចការរបស់ចិនជាមួយតៃវ៉ាន់ទេ បន្ទាប់ពីឯកអគ្គរដ្ឋទូតរបស់ទីក្រុងប៉េកាំងប្រចាំទីក្រុងម៉ានីល បានចោទប្រកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះថា បានបង្កភាពតានតឹងក្នុងតំបន់ដោយការពង្រីកមូលដ្ឋានយោធាទៅកាន់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០២៣។

ទីក្រុងម៉ានីលនាពេលថ្មីៗនេះបានផ្តល់សិទ្ធិឱ្យសហរដ្ឋអាមេរិក ចូលទៅកាន់ទីតាំងយោធាចំនួនបួនបន្ថែមទៀតនៅក្នុងតំបន់យុទ្ធសាស្ត្រនៃប្រទេសហ្វីលីពីន ជាមួយនឹងទីតាំងថ្មីចំនួនបី បែរមុខទៅទិសខាងជើងឆ្ពោះទៅកោះតៃវ៉ាន់ និងមួយទៀតនៅជិតកោះមួយក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។

នៅក្រោមកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិ ដែលបានពង្រឹងឆ្នាំ ២០១៤ បច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោនអាចចូលទៅកាន់ទីតាំងយោធាសរុបចំនួន៩កន្លែងនៅក្នុងប្រទេស។

ការវិវឌ្ឍន៍នេះកើតឡើងចំពេលដែលភាពតានតឹងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង លើបញ្ហាកោះតៃវ៉ាន់ និងការព្រួយបារម្ភលើការប្រព្រឹត្តរបស់ចិននៅក្នុងផ្លូវទឹក ដែលសម្បូរធនធានដែលទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុង។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Jonathan Malaya បាននិយាយក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍ថា «ក្រុមប្រឹក្សាសន្តិសុខជាតិចង់បញ្ជាក់ឱ្យច្បាស់ថា ហ្វីលីពីនគ្មានចេតនាជ្រៀតជ្រែកក្នុងបញ្ហាតៃវ៉ាន់ ហើយនឹងមិនអនុញ្ញាតឱ្យខ្លួនត្រូវបានប្រើប្រាស់ដោយប្រទេសផ្សេងទៀត ដើម្បីជ្រៀតជ្រែកក្នុងបញ្ហានោះដែរ»

លោក Malaya បានបន្តថា ការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរវាងទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន «គឺសំដៅលើការអភិវឌ្ឍសមត្ថភាព» របស់យោធាហ្វីលីពីន។

លោកបានបន្ថែមទៀតថា «យើងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ និងគាំទ្រគោលការណ៍អាស៊ាន នៃការមិនជ្រៀតជ្រែកក្នុងការដោះស្រាយបញ្ហាក្នុងតំបន់»

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលីពីន លោក Huang Shilian បាននិយាយថា ទីក្រុងម៉ានីលកំពុងជំរុញឱ្យមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕