(សិង្ហបុរី)៖ ក្រសួងសុខាភិបាលបាននិយាយថា គ្រួសាររបស់ស្ត្រីម្នាក់ដែលបានស្លាប់ប្រហែលបួនថ្ងៃ បន្ទាប់ពីទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទទួលបានប្រាក់ ២២៥,០០០ដុល្លារសិង្ហបុរី ឬស្មើនឹង ១៦៩,១២២ដុល្លារអាមេរិក ក្រោមកម្មវិធីជំនួយហិរញ្ញវត្ថុសម្រាប់ការរងរបួសដោយវ៉ាក់សាំងរបស់ក្រសួង (VIFAP)។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០២៣។
អ្នកស្រី Ontal Charlene Vargas ជនជាតិហ្វីលីពីន បានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។ មូលហេតុនៃការស្លាប់របស់នាងគឺដោយសារជំងឺ myocarditis ឬរលាកបេះដូង នេះបើតាមការកាត់ក្តីរបស់តុលាការគ្រូពេទ្យកាលពីថ្ងៃសុក្រ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា នេះជាការស្លាប់លើកទីពីរទាក់ទងនឹងការចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសិង្ហបុរី។ ករណីលើកទីមួយគឺបុរសជនជាតិបង់ក្លាដែសម្នាក់អាយុ ២៨ឆ្នាំ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ប្រហែលបីសប្តាហ៍បន្ទាប់ពីគាត់បានទទួលវ៉ាក់សាំង កូវីដ-១៩៕