(ស៊ីដនី)៖ សកម្មជនអាកាសធាតុប្រហែល ៥០នាក់ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋ New South Wales របស់អូស្ត្រាលី បន្ទាប់ពីក្រុមអ្នកតវ៉ាបានឡើងលើរថភ្លើងដែលដឹកធ្យូងថ្ម ហើយបានចាប់ផ្តើមយកប៉ែលចូកធ្យូងថ្មចេញពីរទេះដែលផ្ទុក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០២៣។
រថភ្លើងបានឈប់នៅជិតទីក្រុង Newcastle ដែលជាស្ថានីយនាំចេញធ្យូងថ្មដ៏សំខាន់មួយ។
ក្រុមអ្នកតវ៉ា Rising Tide បាននិយាយថា ខ្លួនកំពុងអំពាវនាវឱ្យគម្រោងធ្យូងថ្មថ្មីទាំងអស់ត្រូវបានលុបចោល។
ពួកគេបាននិយាយថា «យើងបានបញ្ឈប់ធ្យូងថ្មនៅកំពង់ផែធ្យូងថ្មដ៏ធំបំផុតរបស់ពិភពលោក ហើយទាមទារឱ្យគណបក្សការងារអូស្ត្រាលីដែលកំពុងកាន់អំណាច (ALP) ស្តាប់ការព្រមានរបស់អង្គការសហប្រជាជាតិ និងលុបចោលគម្រោងធ្យូងថ្មថ្មីទាំងអស់ជាបន្ទាន់»។
ប៉ូលីសបាននិយាយថា សកម្មជនចំនួន ៤៧នាក់ដែលត្រូវបានចោទប្រកាន់ពីបទ «បំពានផ្លូវរថភ្លើង» ហើយត្រូវបានដោះលែងវិញ បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងដើម្បីបង្ហាញខ្លួននៅក្នុងតុលាការ។
ទោះបីជាយ៉ាងណា មានមនុស្សពីរនាក់ត្រូវបានគេចោទប្រកាន់ពីបទបង្ករបួសស្នាមដោយព្យាបាទ និងម្នាក់ពីការវាយដំសន្តិសុខ។
គួរបញ្ជាក់ថា អូស្ត្រាលីជាប្រទេសនាំចេញធ្យូងថ្មធំជាងគេរបស់ពិភពលោក ហើយការប្រែប្រួលអាកាសធាតុគឺជាបញ្ហាបែកបាក់ខ្លាំងរបស់ប្រទេសនេះ។
ពិភពលោកបានឡើងកំដៅប្រហែល ១.១°C ចាប់តាំងពីការចាប់ផ្តើមនៃយុគសម័យឧស្សាហកម្ម ហើយសីតុណ្ហភាពនឹងបន្តកើនឡើង លុះត្រាតែរដ្ឋាភិបាលជុំវិញពិភពលោកកាត់បន្ថយការបំភាយឧស្ម័នឱ្យបានច្រើនបំផុត៕