(អ៊ីស្លាម៉ាបាដ)៖ ទាហានពីរនាក់ និងភេរវករ ៨នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលការបាញ់ប្រហារ រវាងកងកម្លាំងសន្តិសុខ និងភេរវករ នៅក្នុងស្រុកកុលសម្ព័ន្ធវ៉ាហ្ស៊ីរីស្ថាន ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយរបស់យោធាប៉ាគីស្ថាន (ISPR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យោធាបានធ្វើប្រតិបត្តិការសម្ងាត់មួយ នៅក្នុងខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យរបស់ប្រទេស។

ប្រភពដដែលនេះគូសបញ្ជាក់ថា ក្នុងអំឡុងពេលប្រតិបត្តិការ មានការបាញ់ប្រហារគ្នារវាងភាគីទាំងពីរ ដែលក្នុងអំឡុងពេលនោះកងកម្លាំងបានសម្លាប់អ្នកវាយប្រហារទាំងអស់ នៅក្នុងការវាយប្រហារសងសឹក។

សេចក្តីថ្លែងការណ៍បាននិយាយថា អាវុធ និងគ្រាប់រំសេវរបស់ភេរវករក៏ត្រូវបានរឹបអូសផងដែរ៕