(ខាទុំ)៖ ការប្រយុទ្ធគ្នាក្នុងរដ្ឋធានីនៃប្រទេសស៊ូដង់ បានផ្ទុះឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់) មួយថ្ងៃបន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងសាហាវរវាងក្រុមទាហានប៉ារ៉ា និងកងទ័ពធម្មតា ដែលបានបណ្តាលឲ្យជនស៉ីវិលយ៉ាងហោចណាស់ ៥៦នាក់ស្លាប់ និងជិត ៦០០នាក់រងរបួស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០២៣។

សាក្សីបានឲ្យដឹងថា ការផ្ទុះ និងការបាញ់កាំភ្លើងកើតមានឡើងនៅតាមដងផ្លូវនៃទីក្រុងខាទុំ (Khartoum) បន្ទាប់ពីក្រុមទាហានប្រកាសពីការគ្រប់គ្រងបាននូវការិយាល័យប្រធានាធិបតី អាកាសយានដ្ឋាន Khartoum និងទីកន្លែងសំខាន់ៗផ្សេងទៀត។ យ៉ាងនេះក្តី កងទ័ពបានបដិសេធការអះអាងនេះ ហើយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍នេះ កងកម្លាំងអាកាសស៊ូដង់បានជំរុញប្រជាជនឲ្យស្នាក់នៅក្នុងផ្ទះ ខណៈដែលខ្លួនបន្តការវាយប្រហារតាមអាកាសប្រឆាំងនឹងមូលដ្ឋាននៃកងកម្លាំងគាំទ្រដោយទាហានប៉ារ៉ា (RSF)។

គណៈកម្មាធិការកណ្តាលនៃក្រុមវេជ្ជបណ្ឌិតស៊ូដង់ បានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបនៃជនស៊ីវិលបានកើនឡើងដល់ ៥៦នាក់ ដោយមិនរាប់បញ្ចូលចំនួនកងកម្លាំងនោះទេ។

គួរបញ្ជាក់ថា អំពើហិង្សានៅស៊ូដង់បានផ្ទុះឡើងបន្ទាប់ពីមានភាពតានតឹងកាន់តែស៊ីជម្រៅរយៈពេលជាច្រើនសប្តាហ៍មកនេះ រវាងមេដឹកនាំយោធា លោក អាប៊ែល ហ្វាតា អាល់ប័រហាន (Abdel Fattah al-Burhan) និងមេបញ្ជាការរងយោធាប៉ារ៉ា លោក មហាំម៉េដ ហាំដាន់ ដាកហ្គោ (Mohamed Hamdan Daglo) ជុំវិញការផែនការបញ្ចូលកងទាហានប៉ារ៉ា ទៅក្នុងក្រុមកងទ័ពធម្មតា៕