(ម៉ិកស៉ីកូ)៖ ក្រុមអាជ្ញាធរនិយាយថា ជនសង្ស័យប្រដាប់អាវុធបានសម្លាប់កុមារម្នាក់ និង ៦នាក់ផ្សេងទៀត បន្ទាប់ពីបានសម្រុកចូលរមណីយដ្ឋានមួយកន្លែងដែលស្ថិតនៅភាគកណ្តាលនៃរដ្ឋហ្គូអាណាជូអាតូ (Guanajuato) ប្រទេសម៉ិកស៉ិក នៅម្តុំតំបន់ដែលញាំញីដោយអំពើហិង្សារបស់ក្រុមជួញដូរគ្រឿងញៀន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០២៣។

នាយកដ្ឋានសន្តិសុខប្រចាំតំបន់ខូតាហ្សា (Cortazar) បានឲ្យដឹងថា វានៅមិនច្បាស់ឡើយថានរណាជាអ្នកនៅពីក្រោយការបាញ់ប្រហារដែលបានសម្លាប់ក្មេងអាយុ ៧ឆ្នាំម្នាក់ បុរស ៣នាក់ និងស្ត្រី ៣នាក់នោះទេ។ ដោយឡែកមនុស្ស​ម្នាក់​បាន​រង​របួសធ្ងន់​នៅ​រមណីយដ្ឋានឡា ប៉ាលម៉ា (La Palma)។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមជួញដូរគ្រឿងញៀនដែលជាគូប្រជែងនឹងគ្នា បាននឹងកំពុងប្រយុទ្ធគ្នាយ៉ាងព្រៃផ្សៃដើម្បីគ្រប់គ្រងទឹកដី និងផ្លូវជួញដូរឆ្លងកាត់រដ្ឋ។

គួរបញ្ជាក់ថា ក្រុមជនសង្ស័យបានរត់គេចខ្លួនបន្ទាប់ពីការវាយប្រហារនោះ ហើយមិនបានបង្កការខូចខាតដល់រមណីយដ្ឋាន ឬផ្តាច់កាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធគ្រប់គ្រងនៅទីនោះទេ៕