(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងត្បូង​បានធ្វើការ​បាញ់​ព្រមាន​លើកប៉ាល់​កូរ៉េខាងជើង​ដែល​ឆ្លងកាត់​ព្រំដែន​សមុទ្រ​កាលពី​ថ្ងៃ​សៅរ៍សប្តាហ៍នេះ ចំពេលមានភាពតានតឹងនាពេលថ្មីៗនេះជុំវិញការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០២៣។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយថា ខ្លួនបានបាញ់ព្រមាន និងផ្សព្វផ្សាយការព្រមាន ដើម្បីបណ្តេញកប៉ាល់ល្បាតរបស់កូរ៉េខាងជើង ដែលបានបំពានខ្សែបន្ទាត់ព្រំដែនភាគខាងជើង (NLL) ជាព្រំដែនសមុទ្រអន្តរកូរ៉េ នៅវេលាម៉ោងប្រហែល ១១ព្រឹកថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់)។

JCS បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអាទិត្យនេះថា «យោធារបស់យើងរក្សាជំហរប្រយុទ្ធយ៉ាងម៉ឺងម៉ាត់ ខណៈកំពុងឃ្លាំមើលសកម្មភាពសម្រាប់ការបង្កហេតុដែលអាចកើតមាននៅខ្សែបន្ទាត់ព្រំដែនភាគខាងជើង ដោយកប៉ាល់ល្បាតរបស់កូរ៉េខាងជើង»

គួរបញ្ជាក់ថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក ទីក្រុងព្យុងយ៉ាងបានជំទាស់នឹងខ្សែបន្ទាត់ព្រំដែនភាគខាងជើង ដែលត្រូវបានបង្កើតឡើងនៅចុងបញ្ចប់នៃសង្រ្គាមកូរ៉េ ឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ដោយប្រកែកថាវាគួរតែស្ថិតនៅជ្រៅទៅភាគខាងត្បូង៕