(ហ្សេរ៊ុយសាឡិម)៖ ជាថ្មីទៀតប្រជាជនអ៉ីស្រាអែលរាប់ពាន់នាក់បាននាំគ្នាដើរតាមផ្លូវក្នុងទីក្រុងតែល អាវីវ (Tel Aviv) កាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីតវ៉ាប្រឆាំងនឹងផែនការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការរបស់រដ្ឋាភិបាល ដែលពួកគេចាត់ទុកថាប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០២៣។
ការតវ៉ាសប្តាហ៍ទី១៥ ជាប់ៗគ្នា បានកើតឡើងសារជាថ្មីបន្ទាប់ពីនាយករដ្ឋមន្ត្រី លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រកាសផ្អាកជំរុញផែនការនេះដើម្បីអនុញ្ញាតឲ្យមានការសន្ទនាគ្នា។
បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល មនុស្សរាប់ម៉ឺននាក់បាននាំគ្នាចេញទៅខាងក្រៅ ដូចការធ្វើបាតុកម្មមុនៗដែរ។ បាតុកម្មនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីទីភ្នាក់ងារវាយតម្លៃរបស់សហរដ្ឋអាមេរិក Moody's បានប្រកាសទម្លាក់ចំណាត់ថ្នាក់របស់អ៉ីស្រាអែលពីស្ថានភាពប្រទេស «វិជ្ជមាន» ទៅ «ស្ថិរភាព» ខណៈការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីភាពយ៉ាប់យ៉ឺននៃអភិបាលកិច្ចរបស់អ៉ីស្រាអែល ដូចព្រឹត្តិការណ៍ដែលស្តែងចេញជុំវិញសំណើរបស់រដ្ឋាភិបាលក្នុងកាកែលម្អប្រព័ន្ធតុលាការ។
គួរបញ្ជាក់ថា ផែនការធ្វើកំណែទម្រង់នេះនឹងកាត់បន្ថយសិទ្ធិអំណាចរបស់តុលាការកំពូល និងផ្តល់ឲ្យអ្នកនយោបាយនូវអំណាចកាន់តែច្រើនលើការជ្រើសរើសចៅក្រម៕