(តូក្យូ)៖ មន្រ្តីការទូតកំពូលៗរបស់ G7 បានទៅដល់ទីក្រុងរមណីយដ្ឋានការូអ៉ីហ្សាវ៉ា (Karuizawa) របស់ប្រទេសជប៉ុនហើយនៅថ្ងៃអាទិត្យនេះ សម្រាប់កិច្ចពិភាក្សាដែលទំនងជានឹងគ្របដណ្ដប់ដោយបញ្ហាដូចជា សម្ពាធកាន់តែខ្លាំងឡើងរបស់ចិនលើតៃវ៉ាន់ និងសង្គ្រាមរុស្ស៉ីនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០២៣។

ក្នុងនាមជាម្ចាស់ផ្ទះឆ្នាំនេះ ទីក្រុងតូក្យូចង់ធានាថាបញ្ហាប្រឈមក្នុងតំបន់គឺជារបៀបវារៈកំពូល ហើយនឹងបញ្ជាក់យ៉ាងច្បាស់ពីការជឿជាក់របស់ខ្លួនថាការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែនគ្រាន់តែតម្រូវឲ្យបង្កើនការប្រុងប្រយ័ត្ននៅក្នុងតំបន់អាស៉ីប៉ុណ្ណោះ។

កន្លងមក នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វ៊ូមីអូ គីស៉ីដា (Fumio Kishida) ដែលរដ្ឋាភិបាលរបស់លោកបានកែប្រែគោលនយោបាយការពារជាតិ និងការចំណាយដើម្បីប្រឈមមុខនឹងការកើនឡើងឥទ្ធិពលរបស់ចិននោះ បានព្រមានម្តងហើយម្តងទៀតថា «អ៊ុយក្រែនថ្ងៃនេះអាចជាអាស៊ីបូព៌ានៅថ្ងៃស្អែក»

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងតំបន់នាពេលថ្មីៗនេះ អាចនឹងធ្វើឲ្យមានមានការផ្តោតអារម្មណ៍ខ្លាំងលើតំបន់អាស៉ី។ តួយ៉ាង ប្រទេសចិនទើបបានបញ្ចប់សមយុទ្ធយោធាដ៏ធំនៅជុំវិញកោះតៃវ៉ាន់ ខណៈប្រទេសកូរ៉េខាងជើងបានបាញ់ជាមីស៊ីលផ្លោងអន្តរទ្វីប កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕