(រីយ៉ាទ)៖ អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសៅរ៍បាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើង និងការប៉ះទង្គិចគ្នានៅក្នុងប្រទេសស៊ូដង់ ដោយអំពាវនាវឱ្យអ្នកពាក់ព័ន្ធជ្រើសរើសការសន្ទនាជុំវិញជម្លោះ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០២៣។
ទីភ្នាក់ងារព័ត៌មានរដ្ឋបាននិយាយថា អេមីរ៉ាតអារ៉ាប់រួម (UAE) ក៏បានអំពាវនាវឱ្យភាគីទាំងអស់នៅក្នុងប្រទេសស៊ូដង់អនុវត្តការអត់ធ្មត់ បញ្ឈប់ការកើនឡើង និងធ្វើការដើម្បីបញ្ចប់វិបត្តិតាមរយៈការសន្ទនា។
ទីភ្នាក់ងារនេះបាននិយាយថា ស្ថានទូត UAE នៅទីក្រុង Khartoum កំពុងតាមដានដោយមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវិវត្តន៍នៅក្នុងប្រទេសស៊ូដង់ ហើយបានបញ្ជាក់ពីជំហររបស់ខ្លួន ស្តីពីសារៈសំខាន់នៃការកាត់បន្ថយការកើនឡើង និងធ្វើការដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិរវាងភាគីពាក់ព័ន្ធ។
អគ្គលេខាធិការនៃសម្ព័ន្ធរដ្ឋអារ៉ាប់ លោក Ahmed Aboul Gheit បានថ្កោលទោសចំពោះការប្រើប្រាស់អាវុធនៅក្នុងប្រទេសស៊ូដង់ និងបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។
ចំណែកឯក្រសួងការបរទេសអេហ្ស៊ីប ក៏បានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះអំពាវនាវឱ្យភាគីស៊ូដង់ទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ មានការប៉ះទង្គិចគ្នាដោយហឹង្សាបានផ្ទុះឡើងរវាងកងទ័ពស៊ូដង់ និងកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលរបស់ប្រទេសក្នុងរដ្ឋធានី និងកន្លែងផ្សេងទៀតក្នុងប្រទេសអាហ្រ្វិកមួយនេះ ដោយបង្កើនការភ័យខ្លាចនៃជម្លោះកាន់តែទូលំទូលាយនៅក្នុងប្រទេសដែលមានភាពវឹកវរ។
នៅទីក្រុង Khartoum ការបាញ់កាំភ្លើងយ៉ាងខ្លាំងក្លាត្រូវបានឮនៅក្នុងតំបន់មួយចំនួន រួមទាំងកណ្តាលទីក្រុង និងសង្កាត់ Bahri ផងដែរ៕