(វ៉ារស្សាវ)៖ មេដឹកនាំគណបក្សច្បាប់ និងយុត្តិធម៌ (PiS) ដែលកំពុងកាន់អំណាច លោក Jaroslaw Kaczynski បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលប៉ូឡូញបានសម្រេចចិត្តហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិ និងអាហារផ្សេងទៀតពីអ៊ុយក្រែន ដើម្បីការពារវិស័យកសិកម្មរបស់ប្រទេសប៉ូឡូញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០២៣។
បរិមាណដ៏ច្រើននៃគ្រាប់ធញ្ញជាតិអ៊ុយក្រែន ដែលកំពុងរាំងស្ទះនៅក្នុងបណ្តាប្រទេសអឺរ៉ុបកណ្តាល ចំពេលមានបញ្ហាផ្នែកដឹកជញ្ជូន ដែលមានតម្លៃថោកជាងផលិតផលដែលផលិតនៅក្នុងសហភាពអឺរ៉ុប ធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងការលក់ដល់កសិករក្នុងស្រុក។
នេះវាបានបង្កើតជាបញ្ហានយោបាយ សម្រាប់គណបក្សច្បាប់និងយុត្តិធម៌ក្នុងឆ្នាំបោះឆ្នោត។ លោក Kaczynski បាននិយាយក្នុងអំឡុងសមាជបក្ស (PiS) ថា «ថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចចិត្តលើបទប្បញ្ញត្តិហាមឃាត់ការចូល និងការនាំចូលគ្រាប់ធញ្ញជាតិទៅកាន់ប្រទេសប៉ូឡូញ ហើយមានប្រភេទអាហាររាប់សិបប្រភេទផ្សេងទៀត (ពីអ៊ុយក្រែន) ផងដែរ»។
លោកបានបន្ថែមថា បញ្ជីទំនិញទាំងនេះនឹងត្រូវដាក់បញ្ចូលក្នុងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល ហើយមានទំនិញ «ពីគ្រាប់ធញ្ញជាតិ រហូតដល់ផលិតផលទឹកឃ្មុំ មានរបស់ជាច្រើនយ៉ាង»។
ទោះយ៉ាងណាលោកបានសង្កត់ធ្ងន់ថា «យើងជាមិត្ត និងជាសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន។ យើងនឹងនៅបន្តគាំទ្រវាជានិច្ច... ប៉ុន្តែដើម្បីការពារផលប្រយោជន៍របស់ពលរដ្ឋរបស់ខ្លួន វាជាកាតព្វកិច្ចរបស់រដ្ឋនីមួយៗ»។
លោក Kaczynski បាននិយាយទៀតថា ប្រទេសប៉ូឡូញត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមកិច្ចពិភាក្សាជាមួយអ៊ុយក្រែន ដើម្បីដោះស្រាយបញ្ហាគ្រាប់ធញ្ញជាតិ ហើយភាគីអ៊ុយក្រែនត្រូវបានជូនដំណឹងរួចហើយអំពីការសម្រេចចិត្តរបស់រដ្ឋាភិបាលប៉ូឡូញនេះ៕