(ប៉េកាំង)៖ ប្រធានាធិបតីប្រេស៉ីល លោក ល្វីស អ៉ីណាស្យ៉ូ លូឡា ដាស៉ីលវ៉ា (Luiz Inacio Lula da Silva) នៅថ្ងៃសៅរ៍នេះបាននិយាយថាសហរដ្ឋអាមេរិក គួរតែបញ្ឈប់ការលើកទឹកចិត្តដល់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន និងចាប់ផ្ដើមជជែកពីសន្តិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០២៣។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសបញ្ចប់ដំណើរទស្សនកិច្ចក្នុងទីក្រុងប៉េកាំង ជាទីដែលលោកបានជួបពិភាក្សាជាមួយលោកប្រធានាធិបតីចិន ស៉ី ជិនពីង លោក លូឡា បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកចាំបាច់ត្រូវបញ្ឈប់ការលើកទឹកចិត្តដល់សង្រ្គាម ហើយចាប់ផ្ដើមជជែកពីសន្តិភាព រីឯ សហភាពអឺរ៉ុប វិញ ក៏ចាំបាច់ចាប់ផ្ដើមជជែកពីសន្តិភាពដែរ»។ លោក លូឡា បន្ថែមថាតាមផ្លូវមួយនេះ សហគមន៍អន្តរជាតិអាចនឹងបញ្ចុះបញ្ចូលលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន និងលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ដឹងថាសន្តិភាពគឺជាផលប្រយោជន៍សម្រាប់ពិភពលោកទាំងមូល។
គួរបញ្ជាក់ថា ផ្ទុយពីលោកខាងលិច ទាំងចិន និងប្រេស៉ីល មិនបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៉ីឡើយ ហើយបច្ចុប្បន្នប្រទេសទាំង២ សុទ្ធតែកំពុង ព្យាយាមដើរតួនាទីជាអ្នកសម្របសម្រួលស្វែងរកសន្តិភាពបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ក្រោយបញ្ចប់ទស្សនកិច្ចនៅចិន លោក លូឡា បានបន្តដំណើរ ទស្សនកិច្ចទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម៕