(ប៉េកាំង)៖ ក្រសួងការបរទេសចិន បាននិយាយថាមន្ត្រីការទូតកំពូលរបស់ខ្លួន គឺលោក វ៉ាង យី បានបង្ហាញក្ដីរំពឹង និងជឿជាក់ថាប្រទេសអាល្លឺម៉ង់ នឹងគាំទ្រដល់ការបង្រួបបង្រួមជាតិ ប្រកបដោយសន្តិភាពជាមួយតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសៅរ៍នេះ ក្រសួងការបរទេសចិន បានឱ្យដឹងថាលោក វ៉ាង យី ធ្វើការកត់សម្គាល់ខាងលើនៅឯជំនួបជាមួយ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី​ អានណាឡេណា ប៊ែរបុក (Annalena Baerbock) ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសចិនរហូតដល់ ថ្ងៃសៅរ៍នេះ ជាមួយការបន្ថែមដែរថាចិនក៏ធ្លាប់គាំទ្រដល់ការបង្រួមបង្រួមជាតិរបស់អាល្លឺម៉ង់ផងដែរ។

លោក វ៉ាង យី បានគូសបញ្ជាក់ដូច្នេះថា «ដើម្បីរក្សាស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ វាគឺជារឿងចាំបាច់ក្នុងការប្រឆាំងជាដាច់ខាតទៅនឹងសកម្មភាព ផ្ដាច់ខ្លួនពាក់ព័ន្ធនឹងឯករាជ្យភាពរបស់តៃវ៉ាន់...ការវិលត្រឡប់របស់តៃវ៉ាន់មករកចិនវិញ ក៏ជាសមាសធាតុមួយដ៏សំខាន់ផងដែរនៃសណ្ដាប់ធ្នាប់អន្តរជាតិ ក្រោយសង្រ្គាមលោកលើកទី២»។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់លោក វ៉ាង យី កើតមានឡើងបន្ទាប់ពីកាលពីថ្ងៃសុក្រសប្ដាហ៍នេះ លោកស្រី អានណាឡេណា ប៊ែរបុក បាននិយាយថា រាល់ការប៉ុនប៉ងរបស់ចិន ក្នុងការគ្រប់គ្រងតៃវ៉ាន់ ជារឿងមិនអាចទទួលយកបាន ហើយអាចនឹងបង្កផលវិបាកធ្ងន់ធ្ងរសម្រាប់អឺរ៉ុប៕