(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃសៅរ៍នេះបានចុះហត្ថលេខាលើកំណែទម្រង់សោធននិវត្តន៍ដ៏ចម្រូងចម្រាស ឱ្យក្លាយជាច្បាប់ជាផ្លូវការហើយ បើទោះជាមានបាតុកម្មតវ៉ាប្រឆាំងអស់រយៈពេលជាង៣ខែមកនេះ និងការអំពាវនាវពីក្រុមសហជីពកុំឱ្យអនុវត្តតាមច្បាប់ថ្មីនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០២៣។
ការធ្វើកំណែទម្រង់សោធននិវត្តន៍បានក្លាយជាច្បាប់ បន្ទាប់ពីអត្ថបទច្បាប់នេះត្រូវបានចេញផ្សាយជាសាធារណៈកាលពីយប់ថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍នេះ នៅក្នុងរដ្ឋកិច្ច (Journal Officiel) របស់បារាំង និងក្រោយមានការអនុម័តកាលពីថ្ងៃសុក្រសប្ដាហ៍នេះ ដោយក្រុមប្រឹក្សាធម្មនុញ្ញបារាំង។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ក្រុមសហជីពបានអំពាវនាវ ឱ្យមានបាតុកម្មតវ៉ាទ្រង់ទ្រាយធំ នៅថ្ងៃទិវាពលកម្មអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែឧសភាខាងមុខ ខណៈបាតុកម្ម តវ៉ាលាយដោយអំពើហិង្សាបានកើតឡើង នៅតាមទីក្រុងជាច្រើន ក្នុងប្រទេសបារាំង បន្ទាប់ពីកំណែទម្រង់នេះត្រូវបានប្រកាស។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញបារាំង មានសមាជិក ៩រូប បានគាំទ្រដល់ចំណុចសំខាន់ៗនៅក្នុងការធ្វើកំណែទម្រង់ច្បាប់សោធននិវត្តន៍ ក្នុងនោះរួមមានទាំងការដំឡើងអាយុ ចូលនិវត្តន៍ពី៦២ ដល់ ៦៤ឆ្នាំ និងបន្ថែមឆ្នាំដែលតម្រូវឱ្យធ្វើការ ដើម្បីទទួលបានសោធននិវត្តន៍ពេញលេញ ជាមួយការអះអាងថាច្បាប់ថ្មីនេះគឺស្របទៅនឹងច្បាប់របស់បារាំង៕