(ហាណូយ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន នៅថ្ងៃសៅរ៍នេះ បានផ្ដើមបំពេញទស្សនកិច្ចមកកាន់ប្រទេសវៀតណាម ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់ក្នុងតំបន់ អាស៊ីអាគ្នេយ៍ និងដែលទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយ ដើម្បីទប់ទល់នឹងឥទ្ធិពលចិនក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកមកកាន់ប្រទេសវៀតណាម ក្នុងនាមជារដ្ឋមន្ត្រីការបរទេសអាមេរិក លោក ប្ល៊ីនខិន នឹងត្រូវជួបពិភាក្សាជាមួយមន្ត្រីកំពូលៗរបស់ វៀតណាម ដូចជាអគ្គលេខាធិការបក្សកុម្មុយនិស្ដវៀតណាម លោក ង្វៀន ហ្វូជុង (Nguyen Phu Trong) និងនាយករដ្ឋមន្ត្រី លោក ផាំ មិញ ជីញ (Minh Chinh)។ បន្ទាប់មក នៅថ្ងៃសៅរ៍នេះដែរ លោករដ្ឋមន្ត្រីការបរទេសអាមេរិក ក៏នឹងចូលរួមក្នុងពិធីបើក​ការដ្ឋាន​សាងសង់ថ្មីមួយ នៅបរិវេណស្ថានទូតអាមេរិកប្រចាំទីក្រុងហាណូយ មុននឹងបន្តចេញដំណើរ ទៅកាន់ប្រទេសជប៉ុន នៅថ្ងៃអាទិត្យ ទី១៦ ខែមេសា ដើម្បីចូលរួមកិច្ចប្រជុំ G7។

គួរបញ្ជាក់ថា ខណៈសហរដ្ឋអាមេរិក កំពុងព្យាយាមលើកកម្ពស់ទំនាក់ទំនងជាមួយវៀតណាម ឱ្យកាន់តែស៊ីជម្រៅ ទីក្រុងហាណូយ នៅតែមានភាពស្ទាក់ស្ទើរនៅឡើយ ដ្បិតទីក្រុង ហាណូយ ចង់រក្សាតុល្យភាពទំនាក់ទំនងទាំងជាមួយសហរដ្ឋអាមេរិក និងចិន ក្នុងចេតនាទាញយកប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិ បើទោះជាកំពុងមានជម្លោះដែនទឹកក្នុងតំបន់ សមុទ្រចិនខាងត្បូង ជាមួយចិនក៏ដោយ៕