(វ៉ាស៉ីនតោន)៖ ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានឯកភាពគ្នាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ជាការឆ្លើយតបទៅនឹងការកើនឡើងនៃការគំរាមកំហែងពី កូរ៉េខាងជើង ខណៈប្រទេសទាំង៣ ថ្កោលទោសការធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដំណើរការដោយឥន្ធនៈរឹងពីសំណាក់ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០២៣។
ការឯកភាពគ្នាខាងលើ ធ្វើឡើងនៅក្នុងកិច្ចប្រជុំការពារជាតិត្រីភាគីលើកទី១៣ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៉ី ដើម្បីផ្ដោះប្ដូរការវាយតម្លៃលើបរិយាកាស សន្តិសុខនៅលើតំបន់ឧបទ្វីបកូរ៉េ និងក្នុងតំបន់ទាំងមូល ព្រមទាំងការពិគ្រោះយោបល់លើមធ្យោបាយដ៏រឹងមាំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងប្រទេសទាំង៣ ឱ្យកាន់តែស៉ីជម្រៅ។
សេចក្ដីថ្លែងការណ៍រួមនៃប្រទេសទាំង៣ បានឱ្យដឹងទៀតថាក្រុមមន្ត្រីរបស់ខ្លួនក៏បានពិភាក្សាដែរពីការធ្វើសមយុទ្ធយោធាប្រឆាំងនាវាមុជទឹក និងប្រព័ន្ធការពារដែនអាកាស ជាទៀងទាត់ ដើម្បីទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី១៤ ខែមេសា កូរ៉េខាងជើងបានប្រកាសថា ខ្លួនបានធ្វើតេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM ថ្មីមួយ ឈ្មោះថា វ៉ាសុង-១៨ (Hwasong-18) ដែលប្រើប្រាស់បច្ចេកវិទ្យាឥន្ធនៈរឹង ខណៈវានឹងជួយពង្រឹងសមត្ថភាពវាយបកនុយក្លេអ៊ែរ របស់ប្រទេសឯកោមួយនេះ កាន់តែខ្លាំងក្លាថែមទៀត។
ក្រុមអ្នកវិភាគបានលើកឡើងថា វានឹងជាលើកដំបូងបំផុតដែលកូរ៉េខាងជើង ប្រើប្រាស់ឥន្ធនៈរឹងនៅក្នុងមីស៉ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយ ឬមីស៉ីល ICBM របស់ខ្លួន។ ការអភិវឌ្ឍមីស៉ីល ICBM ដែលប្រើប្រាស់បច្ចេកវិទ្យាឥន្ធនៈរឹង ត្រូវបានមើលឃើញថាជាគោលដៅដ៏សំខាន់មួយ ជាយូរមកហើយសម្រាប់កូរ៉េខាងជើង ដ្បិតវាអាចជួយទីក្រុងព្យុងយ៉ាង ដាក់ពង្រាយនិងបាញ់មីស៉ីលរបស់ខ្លួនបានឆាប់រហ័ស នៅពេលមានសង្រ្គាមផ្ទុះឡើង។
យោងតាមក្រុមមន្រ្តីជប៉ុននិងកូរ៉េខាងត្បូង មីស៉ីលបាលិស្ទីគដែលកូរ៉េខាងជើងធ្វើតេស្តកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានបាញ់ចេញពីក្បែរទីក្រុងព្យុងយ៉ាង ហើយហោះបានចម្ងាយ ប្រហែល១,០០០គីឡូម៉ែត្រ មុនធ្លាក់ចូលសមុទ្រខាងកើត។ កូរ៉េខាងជើងត្រូវគេសង្ស័យថា បានបង្ហាញរូបរាងមីស៉ីល ICBM ប្រភេទថ្មី ដែលប្រើឥន្ធនៈរឹង តាំងតែពីខែកុម្ភៈ កំលុងព្រឹត្តិការណ៍ព្យុហយាត្រាយោធាមួយ បន្ទាប់ពីខ្លួនបានធ្វើតេស្ត មីស៉ីនឥន្ធនៈរឹងកម្លាំងខ្លាំងមួយ កាលពីខែធ្នូ ឆ្នាំមុន៕