(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងអាមេរិក) បានប្រាប់អ្នកសារព័ត៌មានថាលោកបានសម្រេចចិត្តរួចរាល់ហើយថាតើ នឹងត្រូវឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសាជាថ្មី ឬក៏យ៉ាងណា ហើយនឹងធ្វើការប្រកាសមួយក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែមេសា​ ឆ្នាំ២០២៣។

ថ្លែងប្រាប់អ្នកសារព័ត៌មាន មុនចាកចេញពីប្រទេសអៀរឡង់ ត្រឡប់ទៅសហរដ្ឋអាមេរិក លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានសម្រេចចិត្តរួចហើយ។ យើងនឹង ធ្វើការប្រកាសមួយក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែ ដំណើរទស្សនកិច្ចនៅទីនេះ (អៀរឡង់) បានពង្រឹងគំនិតសុទិដ្ឋិនិយមរបស់ខ្ញុំនូវអ្វីដែលអាចធ្វើបាន...ខ្ញុំនឹងប្រាក់អ្នកទាំងអស់គ្នា ពីគម្រោងរបស់ខ្ញុំសម្រាប់ការឈរឈ្មោះបោះឆ្នោតម្ដងទៀត»

គួរបញ្ជាក់ថា លោក ចូ បៃដិន បច្ចុប្បន្នមានអាយុ៨០ឆ្នាំហើយ។ លោក និងគណៈកម្មាធិការជាតិប្រជាធិបតេយ្យរបស់លោកកាលពីដើមសប្ដាហ៍កន្លងទៅ បានប្រកាសថា សន្និបាតបក្សឆ្នាំ២០២៤ នឹងត្រូវប្រព្រឹត្តទៅក្នុងទីក្រុង ឈីកាហ្គូ (Chicago)។ លោក បៃដិន ធ្លាប់បានបង្ហើបពីចេតនាឈរឈ្មោះជាច្រើនលើក តែកាលបរិច្ឆេទសម្រាប់ ការប្រកាសផ្លូវការមិនត្រូវបានឱ្យដឹងនៅឡើយទេ៕