(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានបង្ហាញខ្លួនដ៏ភ្នាក់ផ្អើលមួយ ក្នុងពិធីកម្សាន្តលេងបាញ់ទឹក ដោយមិនបានបង្ហាញ សញ្ញាណមួយនៃការថយចុះស្មារតីអ្វីនោះទេ បើទោះជាប្រជាប្រិយភាពកំពុងធ្លាក់ចុះ តែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ មុនការបោះឆ្នោតសកលចូលមកដល់។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ១៥ ខែមេសា ឆ្នាំ២០២៣។
ស្លៀកសំលៀកបំពាក់ដើរលេងសមុទ្រ លោក ប្រាយុទ្ធ បានចូលរួមលេងកម្សាន្តក្នុងពិធីបុណ្យសង្រ្កាន្តរបស់ថៃ ដោយមិនបានប្រកាសឱ្យដឹងមុនឡើយ នៅឯផ្លូវ ខាវសាន (Khaosan) ក្នុងរាជធានីបាងកក និងមានកាន់កំាភ្លើងបាញ់ទឹក បាញ់គ្នាទៅវិញទៅមកជាមួយអ្នកចូលរួមលេងក្នុងពិធីនេះ។ នៅក្នុងវីដេអូមួយត្រូវបានគេបង្ហោះលើ បណ្ដាញទំនាក់ទំនងសង្គម លោក ប្រាយុទ្ធ បានយកដៃជូតទឹកចេញពីក្បាល និងមុខ ហើយដើរក្នុងចំណោមហ្វូងមនុស្សជាច្រើនដែលបានបាញ់ទឹកដាក់រូបលោកចេញពី គ្រប់ជ្រុង ជាមួយសំឡេងស្រែក និងទះដៃអបអរសាទរផងដែរ។
គួរបញ្ជាក់ថា លោក ប្រាយុទ្ធ ត្រូវបានគេរាយការណ៍ថាមានការថយចុះប្រជាប្រិយភាពគួរឱ្យកត់សម្គាល់នៅក្នុងការស្ទង់មតិនាពេលកន្លងមក ដោយចាញ់សំឡេងគាំទ្រ
ជាងពាក់កណ្ដាលរបស់អ្នកនាង ផែថងថាន ស៊ីណាវ៉ាត់ ជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន សីណាវ៉ាត់ ដែលកំពុងនាំមុខគេក្នុងការស្ទង់មតិ សម្រាប់តំណែងជានាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ខាងមុខ៕