(ប៉េកាំង)៖ រដ្ឋាភិបាលចិននាថ្ងៃសុក្រនេះ បានសេចក្តីថ្លែងការណ៍ប្រកាសឱ្យដឹងថា ប្រមុខការពារជាតិរបស់ខ្លួន នឹងធ្វើដំណើរចេញទៅកាន់ប្រទេសរុស្ស៉ី ដើម្បីបំពេញទស្សនកិច្ចចាប់ពីថ្ងៃទី១៦-១៩ ខែមេសា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣។
ក្រសួងការពារជាតិចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ឆ្លើយតបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី គឺលោក សឺហ្គៃ សូយហ្គូ (Sergei Shoigu) រដ្ឋមន្រ្តីការពារជាតិចិន លោក លី សាងហ្វូ (Li Shangfu) នឹងបំពេញទស្សនកិច្ចជាផ្លូវការមួយ ទៅកាន់ប្រទេសរុស្ស៉ី ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមេសានេះ»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចខាងលើ នឹងកើតមានឡើង បន្ទាប់ពីប្រធានាធីបតីចិន លោក ស៉ី ជិនពីង បានបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់រុស្ស៉ី ហើយបើកកិច្ចប្រជុំកំពូលទ្វេភាគីជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីចន្លោះថ្ងៃទី២០-២២ ខែមីនា ដែលលើកដំបូងបំផុត គិតចាប់តាំងតែពីទីក្រុងមូស្គូបានឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ ចំណែកកាលពីខែកុម្ភៈ ក្បែរខួបមួយឆ្នាំនៃសង្រ្គាមនៅអ៊ុយក្រែន មន្រ្តីការទូតកំពូលចិន គឺលោក វ៉ាង យី ក៏បានធ្វើដំណើរទៅដល់ទីក្រុងមូស្គូផងដែរ៕