(ប៉េកាំង)៖ កាលពីថ្ងៃទី១២ ខែមេសា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ទស្សនៈរបស់លោក Emmanuel Macron ប្រធានាធិបតីបារាំងអំពីការដែលអឺរ៉ុបគួរតែប្រកាន់ខ្ជាប់ យុទ្ធសាស្ត្រដោយម្ចាស់ការ ចៀសវាងធ្លាក់ចូលក្នុងរណ្តៅបដិបក្ខគ្នាជា ក្រុមបានរងការរិះគន់មួយចំនួន ជាពិសេសគឺការរិះគន់ពីសហរដ្ឋអាមេរិក តែភាគីចិនមិនភ្ញាក់ផ្អើលអំពីរឿងនេះទេ ។
លោក Wang Wenbin បានលើកឡើងនៅពេលឆ្លើយសំណួរពាក់ព័ន្ធថា យើងចង់ប្រាប់អ្នកទាំងអស់គ្នាថា ប្រទេសមួយចំនួនមិនចង់ឃើញប្រទេសដទៃទៀត មានភាពឯករាជ្យម្ចាស់ការនោះទេ តែងតែចង់គំរាមកំហែងឱ្យប្រទេសដទៃទៀត ធ្វើតាមបញ្ជារបស់ខ្លួន ប៉ុន្តែការប្រកាន់ខ្ជាប់យុទ្ធសាស្ត្រដោយម្ចាស់ការ នឹងទទួលបានការគោរពកាន់តែច្រើននិងមិត្តភក្តិកាន់តែច្រើន ហើយការគំរាមកំហែងនិងការដាក់សម្ពាធ វាបានត្រឹមតែរងការធ្វើពហិការ និងការប្រឆាំងកាន់តែច្រើនឡើងៗតែប៉ុណ្ណោះ៕