(បែរឡាំង)៖ ក្រសួងការពារជាតិអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសថា ទីក្រុងបែរឡាំងបានអនុញ្ញាតសំណើប៉ូឡូញ ស្តីពីការនាំចេញយន្តហោះចម្បាំងស៊េរីចាស់ MiG-29 ចំនួន៥គ្រឿង ទៅកាន់អ៊ុយក្រែន ដើម្បីជួយពង្រឹងសមត្ថភាពយោធាផ្លូវអាកាស ​របស់ទីក្រុងកៀវប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក បូរីស ភីស្តូរៀស (Boris Pistorius) បាននិយាយថា សំណើខាងលើបានមកដល់កាលពីថ្ងៃព្រហស្បតិ៍ ហើយទីក្រុងបែរឡាំងបានផ្តល់ការអនុញ្ញាតភ្លាមៗ នៅក្នុងថ្ងៃដដែល ជាការសបញ្ជាក់ឱ្យឃើញថា អាល្លឺម៉ង់គឺអាចពឹងពាក់បាន។ អាល្លឺំម៉ង​ទទួលបានយន្តហោះចម្បាំង MiG-29 សរុបចំនួន២៤គ្រឿង ពីអាល្លឺម៉ង់ខាងកើតកំលុងការបង្រួបបង្រួមគ្នាវិញ កាលពីឆ្នាំ​១៩៩០។ កាលនោះ ពួកវាត្រូវបានចាត់ទុកស្ថិតក្នុងចំណោម យន្តហោះចម្បាំងទំនើបៗបំផុតនៅលើពិភពលោក។

កាលពីឆ្នាំ២០០៤ ទីក្រុងបែរឡាំងបានប្រគល់ MiG-29 ទាំងនោះ ចំនួន២២គ្រឿង ឱ្យទៅប៉ូឡូញ ខណៈ២គ្រឿងដែលខ្លួននៅរក្សាទុក គឺ​១គ្រឿងត្រូវបានបំផ្លាញក្នុងហេតុការណ៍ធ្លាក់ និង១គ្រឿងទៀត កំពុងស្ថិតក្រោម ការតាំងបង្ហាញនៅសារមន្ទីរ។ ទីក្រុងវ៉ាសូវីត្រូវការការយល់​ព្រមពីទីក្រុងបែរឡាំង ទើបអាចបញ្ជូនយន្តហោះ MiG-29 ទៅកាន់ប្រទេសទី៣បាន។ កំលុងទស្សនកិច្ចនៅទីក្រុងវ៉ាសូវីកាលពីសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ប៉ូឡូញនឹងជួយបង្កើតក្រុមចម្រុះនៃប្រទេសលោកខាងលិច ដើម្បី​ផ្គត់ផ្គង់យន្តហោះចម្បាំងឱ្យទៅទីក្រុងកៀវ។

គួរបញ្ជាក់ថា ដោយកំពុងត្រៀមបើកប្រតិបត្តិការវាយបកប្រឆាំងនឹងកងកម្លាំងរុស្ស៉ី ក្នុងពេលប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែខាងមុខ អ៊ុយក្រែន​មានបំណងចង់បានយន្តហោះចម្បាំងឱ្យច្រើន ជាពិសេសយន្តហោះទំនើបៗ ដើម្បីការពារពីការវាយប្រហារតាមផ្លូវអាកាស។ យ៉ាងណាក្តី មកទល់ពេលនេះ ក្រុមប្រទេសលោកខាងលិច បានបង្ហាញការស្ទាក់ស្ទើរក្នុងការផ្តល់យន្តហោះចម្បាំងទំនើប ដូចជា F-16 របស់អាមេរិក ជាដើម ឱ្យទៅទីក្រុងកៀវ ប៉ុន្តែមួយចំនួនបានចេញមុខប្រគល់ យន្តហោះចម្បាំងស៊េរីចាស់ MiG-29 ដែលជាប្រភេទយន្តហោះ អ៊ុយក្រែនមានប្រើរួចជាស្រេចហើយដែរ៕