(អូស្លូ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ន័រវែសបានប្រកាសបណ្តេញមន្រ្តីចំនួន១៥នាក់ នៃស្ថានទូតរុស្ស៉ីប្រចាំប្រទេសរបស់ខ្លួន ជាមួយ​ការចោទប្រកាន់ថា ពួកគេទាំងនោះតាមពិតជាភ្នាក់ងារចារកិច្ច ដែលធ្វើប្រតិបត្តិការក្រោមស្លាកតួនាទីជាអ្នកការទូត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីការបរទេសន័រវែសលោកស្រី អានីកិន វីដហ៊្វែល (Anniken Hutfeldt) បាននិយាយថា ន័រវែសនឹងមិនអនុញ្ញាតឱ្យទីក្រុងមូស្គូ ប្រើប្រាស់ស្ថានទូតរបស់ខ្លួន ដើម្បីលួចធ្វើសកម្មភាពស៉ើបការណ៍សម្ងាត់ជាដាច់ខាត។ លោកស្រីបានគូសបញ្ជាក់ថា ក្រុមមន្រ្តីរុស្ស៉ីទាំងនោះ ត្រូវតែចាកចេញពីប្រទេសន័រវែសក្នុងពេលឆាប់ៗ ក៏ប៉ុន្តែព័ត៌មានលម្អិតពាក់ព័ន្ធទៅនឹង សកម្មភាពដែលពួកគេបានរងការចោទប្រកាន់ គឺពុំត្រូវបានលាតត្រដាងឱ្យដឹងឡើយ។ ខាងវិមានក្រឹមឡាំងបាននិយាយថា ខ្លួននឹងឆ្លើយតបចំពោះចំណាត់ការរបស់ន័រវែស ហើយកំពុងតែ​ថ្លឹងថ្លែងវិធានការឆ្លើយតបនោះ។

គួរបញ្ជាក់ថា នេះគឺជាករណីថ្មីចុងក្រោយនៃការបណ្តេញអ្នកការទូតរុស្ស៉ី ចេញពីក្រុមប្រទេសលោកខាងលិច ដែលភាគច្រើនគឺធ្វើឡើងក្រោម​ហេតុផលចារកម្ម គិតចាប់តាំងពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំមុនមក។ កាលពីខែកុម្ភៈ ឆ្នាំ២០២២ ន័រវែស​បានបណ្តេញអ្នកការទូតរុស្ស៉ី៣នាក់ ដែលពេលនោះរុស្ស៉ីបានឆ្លើយតបវិញ ដោយបណ្តេញអ្នកការទូតន័រវែស៣នាក់ដូចគ្នា។ បច្ចុប្បន្នមាន​អ្នកការទូតរុស្ស៉ីសរុបខ្ទង់៤០នាក់ ដែលមានការទទួលស្គាល់នៅទីក្រុងអូស្លូ។ គិតត្រឹមពេលឥឡូវ ក្នុងឆ្នាំ២០២៣នេះ ប្រទេសដទៃទៀត រួមមានអេស្តូនី ហូឡង់ និងអូទ្រីស ក៏បានបណ្តេញអ្នកការទូតរុស្ស៉ី ចេញពីប្រទេសពួកគេផងដែរ៕