(ប៉េកាំង)៖ កាលពីថ្ងៃព្រហស្បិ៍សប្តាហ៍នេះ ក្រសួងការបរទេសចិន បានប្រកាសដាក់ទណ្ឌកម្មទៅលើ លោក មីឈែល ម៉ាកខូល (Michael McCaul) ដែលមានតួនាទីជាប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងរាស្រ្តរបស់សហរដ្ឋអាមេរិក សម្រាប់ការទៅបំពេញ​ទស្សនកិច្ចនៅកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣។

ដោយចាត់ទុកតៃវ៉ាន់ត្រឹមជាផ្នែកនៃទឹកដីរបស់ខ្លួន ចិនប្រកាន់ជំហរប្រឆាំងយ៉ាងដាច់អហង្ការចំពោះ ការធ្វើប្រាស្រ័យទាក់ទងទាំងអស់រវាង​ក្រុមមន្រ្តីបរទេស ហើយនិងក្រុមមន្រ្តីតៃវ៉ាន់ ជាពិសេសប្រសិនបើពួកវាពាក់ព័ន្ធជាមួយ មេដឹកនាំតៃវ៉ាន់ គឺលោកស្រី សៃ អ៉ីងវិន ថែមទៀត​នោះ។ លោក ម៉ាកខូល បានបំពេញទស្សនកិច្ចនៅតៃវ៉ាន់ កាលពីសប្តាហ៍មុន ព្រមទាំងបានជួបលោកស្រី​ សៃ និងសន្យាថានឹងជួយផ្តល់​ការហ្វឹកហាត់បន្ថែម ដល់កងកម្លាំងយោធាតៃវ៉ាន់ ហើយពន្លឿនដំណើរការប្រគល់សព្វាវុធ។

ក្រសួងការបរទេសចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា នាពេលថ្មីៗនេះលោក ម៉ាកខូល បានដឹកនាំគណៈប្រតិភូមួយទៅកាន់តៃវ៉ាន់ ដែលបានបង្កការប៉ះពាល់ជាខ្លាំង ចំពោះអធិបតេយ្យនិងបូរណភាពទឹកដីរបស់ចិន ហើយបញ្ជូនសញ្ញាខុសធ្ងន់ធ្ងរមួយ ចំពោះចលនាប៉ុនប៉ង​បំបែករដ្ឋដើម្បីឯករាជ្យនៅតៃវ៉ាន់។ ទីក្រុងប៉េកាំងបានចោទថា លោក ម៉ាកខូល ជារឿយៗបានលូកលាន់កិច្ចការផ្ទៃក្នុងចិន តាមរយៈពាក្យសម្តីនិង​សកម្មភាពរបស់លោក ហើយគំរាមកំហែងដល់ផលប្រយោជន៍ជាតិរបស់ចិន។

គួរបញ្ជាក់ នៅក្រោមការដាក់ទណ្ឌកម្មខាងលើ លោក ម៉ាកខូល នឹងមិនត្រូវអនុញ្ញាតឱ្យឈានជើងចូលប្រទេសចិន ហើយហាមឃាត់ពីការ​ធ្វើប្រាស្រ័យទាក់ទង ជាមួយស្ថាប័ននិងបុគ្គលនានានៅចិន ខណៈទ្រព្យសម្បត្តិទាំងឡាយប្រសិនបើរូបលោកមាននៅចិន គឺនឹងត្រូវបង្កក។ ទីក្រុងប៉េកាំងតែងតែសង្កត់ធ្ងន់ថា តៃវ៉ាន់គឺជាបញ្ហាដ៏សំខាន់និងរសើបបំផុត នៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងវ៉ាស៉ីនតោន ហើយ​ជារឿយៗប្រធានបទពាក់ព័ន្ធនឹងដែនកោះនេះ គឺជាដើមចមនៃការកើនឡើងភាពតានតឹង រវាងប្រទេសមហាអំណាចទាំងពីរ៕