(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ទីភ្នាក់ងារ FBI បានចាប់ខ្លួន បុរសវ័យ២១ឆ្នាំម្នាក់ ដែលជាសមាជិកនៃកងកម្លាំងឆ្មាំជាតិ របស់សហរដ្ឋអាមេរិក ជុំវិញការបែកធ្លាយឯកសារព័ត៌មានសម្ងាត់ៗនាពេលថ្មីៗនេះ ដែលបានធ្វើឱ្យទីក្រុងវ៉ាស៉ីនតោនរងភាពអាម៉ាស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣។
អាជ្ញាធរអាមេរិកបានចាប់ខ្លួន បុរសខាងលើដែលមានឈ្មោះថា ជែក ឌូគឡាស់ ធីសៀរ៉ា (Jack Douglas Teixeira) នៅផ្ទះរបស់បុរសរូបនោះផ្ទាល់ ដែលស្ថិតនៅទីក្រុងដាយថុន (Dighton) ក្នុងរដ្ឋម៉ាសាឈូសេត (Massachusetts)។ ជនឈ្មោះ ធីសៀរ៉ា គឺជាសមាជិកនៃមូលដ្ឋានឆ្មាំជាតិជើងអាកាសមួយកន្លែងរបស់រដ្ឋម៉ាសាឈូសេត។ រូបគេបានចូលបម្រើក្នុងកងកម្លាំងឆ្មាំជាតិអាមេរិក កាលពីឆ្នាំ២០១៩ ដោយកាន់តួនាទី ជាអ្នកឯកទេសផ្នែកព័ត៌មានវិទ្យា។
រដ្ឋមន្រ្តីយុត្តិធម៌អាមេរិក លោក មើរីគ ហ្កាលែន (Merrick Garland) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ធីសៀរ៉ា ត្រូវបានចាប់ឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធក្នុងការស៉ើបអង្កេតទៅលើការសង្ស័យថា ជននេះបានដកហូត រក្សាទុក និងចែកចាយដោយគ្មានការអនុញ្ញាត នូវព័ត៌មានការពារជាតិសម្ងាត់ៗ។
ការចាប់ខ្លួនបុរសខាងលើគឺរយៈពេលមួយសប្តាហ៍ បន្ទាប់ពីការលេចធ្លាយចាប់ផ្តើម ត្រូវបានគេដឹងទូលំទូលាយជាលើកដំបូង ដែលជំរុញឱ្យទីក្រុងវ៉ាស៉ីនតោកើតក្តីបារម្ភ អំពីផលប៉ះពាល់ដែលវាប្រហែលបានបង្កឡើង។ ឧប្បត្តិហេតុនេះបានធ្វើឱ្យអាមេរិករងភាពអាម៉ាស់ តាមរយៈការលាតត្រដាងថា ខ្លួនបានលួចស៉ើបការណ៍លើបណ្តាប្រទេសជាដៃគូនិងជាសម្ព័ន្ធមិត្ត ហើយក្នុងនោះក៏មានព័ត៌មានពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែនផងដែរ។
ឯកសារទាំងនោះភាគច្រើនត្រូវបានបង្ហោះ នៅតាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ហើយវាត្រូវគេជឿថា ជាការបែកធ្លាយព័ត៌មានសម្ងាត់ ដែលធ្ងន់ធ្ងរបំផុតសម្រាប់សហរដ្ឋអាមេរិក គិតចាប់តាំងពីឯកសារ វីដេអូ និងសារការទូតសរុបជាង ៧០០,០០០ បានលេចឡើងនៅលើវែបសាយ WikiLeaks កាលពីឆ្នាំ២០១០។
គួរបញ្ជាក់ថា ខណៈការបែកធ្លាយឯកសារសម្ងាត់របស់អាមេរិក ទើបតែចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយការចេញផ្សាយអត្ថបទមួយកាលពីថ្ងៃទី៦ ខែមេសា ដោយសារព័ត៌មាន New York Times ក៏ដោយ ក្រុមអ្នកកាសែតបានរកឃើញភស្តុតាង ដែលបង្ហាញថា ឯកសារទាំងនោះឬក៏យ៉ាងហោចមួយចំនួន គឺមានវត្តមាននៅលើប្រព័ន្ធអនឡាញ តាំងពីខែមីនា ឬអាចតាំងតែខែមករា ឆ្នាំនេះ មកម្ល៉េះ៕