(ព្យុងយ៉ាង)៖ នៅថ្ងៃសុក្រនេះ កូរ៉េខាងជើងបានប្រកាសថា ខ្លួនបានធ្វើតេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM ថ្មីមួយ ឈ្មោះថា វ៉ាសុង-១៨ (Hwasong-18) ដែលប្រើប្រាស់បច្ចេកវិទ្យាឥន្ធនៈរឹង ខណៈវានឹងជួយពង្រឹងសមត្ថភាពវាយបកនុយក្លេអ៊ែរ របស់ប្រទេសឯកោមួយនេះ កាន់តែខ្លាំងក្លាថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលមួយ ទំនងជាមីស៉ីលបាលិស្ទីគប្រភេទថ្មីដែលប្រើឥន្ធនៈរឹង ខណៈសកម្មភាពតេស្តមីស៉ីលនោះ បានបង្កភាពស្លន់ស្លោនៅភាគខាងជើងប្រទេសជប៉ុន ជាទីដែលប្រជាជនកោះហុកកៃដូ ត្រូវបានណែនាំឱ្យរត់រកកន្លែងសុវត្ថិភាព ប៉ុន្តែតាមពិតទៅគឺពុំមានគ្រោះថ្នាក់អ្វីទេ។
ក្រុមអ្នកវិភាគបានលើកឡើងថា វានឹងជាលើកដំបូងបំផុតដែលកូរ៉េខាងជើង ប្រើប្រាស់ឥន្ធនៈរឹងនៅក្នុងមីស៉ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយ ឬមីស៉ីល ICBM របស់ខ្លួន។ ការអភិវឌ្ឍមីស៉ីល ICBM ដែលប្រើប្រាស់បច្ចេកវិទ្យាឥន្ធនៈរឹង ត្រូវបានមើលឃើញថាជាគោលដៅដ៏សំខាន់មួយ ជាយូរមកហើយសម្រាប់កូរ៉េខាងជើង ដ្បិតវាអាចជួយទីក្រុងព្យុងយ៉ាង ដាក់ពង្រាយនិងបាញ់មីស៉ីលរបស់ខ្លួនបានឆាប់រហ័ស នៅពេលមានសង្រ្គាមផ្ទុះឡើង។
គួរបញ្ជាក់ថា យោងតាមក្រុមមន្រ្តីជប៉ុននិងកូរ៉េខាងត្បូង មីស៉ីលបាលិស្ទីគដែលកូរ៉េខាងជើងធ្វើតេស្តកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានបាញ់ចេញពីក្បែរទីក្រុងព្យុងយ៉ាង ហើយហោះបានចម្ងាយប្រហែល១,០០០គីឡូម៉ែត្រ មុនធ្លាក់ចូលសមុទ្រខាងកើត។ កូរ៉េខាងជើងត្រូវគេសង្ស័យថា បានបង្ហាញរូបរាងមីស៉ីល ICBM ប្រភេទថ្មី ដែលប្រើឥន្ធនៈរឹង តាំងតែពីខែកុម្ភៈ កំលុងព្រឹត្តិការណ៍ព្យុហយាត្រាយោធាមួយ បន្ទាប់ពីខ្លួនបានធ្វើតេស្ត មីស៉ីនឥន្ធនៈរឹងកម្លាំងខ្លាំងមួយ កាលពីខែធ្នូ ឆ្នាំមុន៕