(សេអ៊ូល)៖ កូរ៉េខាងជើង កាលពីឆ្នាំ២០២២ បានធ្វើតេស្ដបាញ់មីស៊ីលចំនួន ៦៨លើក ពោលគឺច្រើនជាង១០ដង ធៀបទៅនឹងឆ្នាំ២០២១ ហើយក៏មិនបានបង្ហាញ សញ្ញាបង្អង់ដៃនោះដែរ។ ជាក់ស្ដែង នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសានេះ ទីក្រុងព្យុងយ៉ាង នៅតែបន្តបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ចូលសមុទ្រជប៉ុន ដែលជាការធ្វើតេស្ដលើកទី១២ មកទល់នឹងពេលនេះ។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមមានកូរ៉េខាងត្បូង និងជប៉ុន បានមើលឃើញថាកម្មវិធីអាវុធរបស់កូរ៉េខាងជើងជាការគំរាមកំហែងមួយដ៏ធ្ងន់ធ្ងរ។ តែ ពួកគេ មិនទាន់អាចដោះស្រាយ ឬក៏បង្អាក់ការរីកចម្រើនទៅមុខនៃកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាងបានឡើយ ចាប់តាំងពីកិច្ចចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរជាប់គាំង កាលពីឆ្នាំ២០១៩មក។ កូរ៉េខាងជើងត្រូវបានគេរាយការណ៍ថាជាប្រទេសមួយក្នុងចំណោមប្រទេសមានកងកម្លាំងយោធាទូទៅធម្មតាធំបំផុត នៅលើពិភពលោក និង មានបំពាក់ដោយមីស៊ីល និងអាវុធនុយក្លេអ៊ែរ ដែលធ្វើឱ្យប្រទេសឯកោមួយនេះអាចបញ្ចេញវោហោសាស្ត្រមិនចេះខ្លាចនរណា។ បើតាមក្រសួងការបរទេសអាមេរិក ខណៈជាប្រទេសក្រីក្របំផុតមួយ នៅលើពិភពលោក កូរ៉េខាងជើងបានចំណាយជិត ១ ភាគ៤ នៃផលិតផលនៅក្នុងស្រុកសរុប ឬ GDP របស់ខ្លួនលើវិស័យយោធា។
* តើកូរ៉េខាងជើង មានសមត្ថភាពយោធាអ្វីខ្លះ?
ទំហំ និងអំណាចនៃឃ្លាំងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង មិនទាន់មានសេចក្ដីរាយការណ៍លម្អិតអ្វីនោះទេ។ ប៉ុន្តែ ក្រុមអ្នកវិភាគនិយាយថាទីក្រុងព្យុងយ៉ាង បានធ្វើតេស្ដ អាវុធនុយក្លេអ៊ែរ ចំនួន ៦លើក និងបានអភិវឌ្ឍមីស៊ីលបាលិស្ទីគមានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។ របបដឹកនាំលោក គីម ជុងអ៊ុន ក៏ មានចំណេះដឹងពីរបៀបចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងផ្លុយតូញ៉ូម ដែលសុទ្ធសឹងតែជាធាតុចម្បងៗសម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរ។ កាលពីឆ្នាំ២០១៧ ទីភ្នាក់ ងារស៊ើបការណ៍សម្ងាត់អាមេរិក បានវាយតម្លៃថាកូរ៉េខាងជើងមានសារធាតុអ៊ុយរ៉ាញ៉ូម និងផ្លុយតូញ៉ូម ព្រមទាំងសមាសធាតុស្នូលសំខាន់ៗគ្រប់គ្រាន់ ដើម្បីផលិត អាវុធនុយក្លេអ៊ែរ ៦០គ្រាប់ ហើយជារៀងរាល់ឆ្នាំ ទីក្រុងព្យុងយ៉ាងបានផលិតសម្ភារៈនុយក្លេអ៊ែរ ដើម្បីអាចផលិតបានអាវុធនុយក្លេអ៊ែរ ២០គ្រាប់បន្ថែមទៀត។
បើគិតតាមអត្រានេះ កាលពីឆ្នាំ២០២២ កូរ៉េខាងជើងអាចមានសម្ភារៈនុយក្លេអ៊ែរគ្រប់គ្រាន់សម្រាប់ផលិតគ្រាប់បែកនុយក្លេអ៊ែរ ១០០គ្រាប់។ លើសពីនេះទៅទៀត របាយការណ៍សិក្សាមួយកាលពីឆ្នាំ២០២១ របស់ក្រុមហ៊ុនសិក្សាស្រាវជ្រាវ RAND Corporation ក៏បានព្យាករដែរថាកូរ៉េខាងជើងអាចនឹងផលិតបានអាវុធនុយក្លេអ៊ែរ ជាង ២០០គ្រាប់ នៅត្រឹមឆ្នាំ២០២៧។ កូរ៉េខាងជើង ធ្លាប់បានដឹកនាំការធ្វើតេស្ដអាវុធនុយក្លេអ៊ែរចំនួន ៦លើមកហើយ ដោយលើកដំបូងធ្វើឡើងក្នុងខែតុលា ឆ្នាំ២០០៦ និងលើកទី២ ក្នុងខែឧសភា ឆ្នាំ២០០៩ នៅក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ីល ដែលជាឪពុកបង្កើតលោក គីម ជុងអ៊ុន។
នៅក្រោយ លោក គីម ជុងអ៊ុន ឡើងកាន់អំណាចកាលពីឆ្នាំ២០១១មក កូរ៉េខាងជើងបានបង្កើនការធ្វើតេស្ដអាវុធនុយក្លេអ៊ែរគួរឱ្យកត់សម្គាល់។ លោក គីម ជុងអ៊ុន បានបញ្ជាឱ្យយោធារបស់លោក ធ្វើតេស្ដអាវុធនុយក្លេអ៊ែរចំនួន ៤លើក ពោលគឺនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៣ នៅខែមករា និងកញ្ញា ឆ្នាំ២០១៦ និងនៅខែកញ្ញា ឆ្នាំ២០១៧។ ទិន្នន័យបានមកពីវិទ្យាស្ថាន Nuclear Threat Initiative មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បានឱ្យដឹងថាការធ្វើតេស្ដក្នុងឆ្នាំ២០០៦ ក្បាលគ្រាប់ នុយក្លេអ៊ែរមានកម្លាំងផ្ទុះ ២គីឡូតោន រីឯនៅឆ្នាំ២០០៩ ក្បាលគ្រាប់នុយក្លេអ៊ែរដែលត្រូវបានធ្វើតេស្ដមានកម្លាំងផ្ទុះ ៨គីឡូតោន។ ការបំផ្ទុះក្នុងឆ្នាំ២០១៣ និងនៅ ខែមករា ឆ្នាំ២០១៦ មានកម្លាំងផ្ទុះជិត ១៧គីឡូតោន និងការធ្វើតេស្ដកាលពីខែកញ្ញា ឆ្នាំ២០១៦ មានកម្លាំងផ្ទុះ៣៥គីឡូតោន ធៀបទៅនឹងគ្រាប់បែកនុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិកទម្លាក់លើទីក្រុងហ៉ីរ៉ូស៊ីម៉ា ក្នុងឆ្នាំ១៩៤៥ មានកម្លាំងផ្ទុះ ១៦ គីឡូតោន។ ចំណែកឯ ការធ្វើតេស្ដក្បាលគ្រាប់នុយក្លេអ៊ែ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវបានក្រុមអ្នកជំនាញអះអាងថាមានកម្លាំងផ្ទុះដល់ទៅជាង ២០០គីឡូតោន ហើយដែលកម្លាំងផ្ទុះបែបនេះអាចសន្មត់បានថាកូរ៉េខាងជើង ផលិតបាន គ្រាប់បែកអ៉ីដ្រូនសែនដោយជោគជ័យ។
* តើមីស៊ីលអ្វីខ្លះដែលកូរ៉េខាងជើងមាន?
កូរ៉េខាងជើង បានធ្វើតេស្ដមីស៊ីលបាលិស្ទីគរាប់រយគ្រាប់ ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ក្នុងនោះរួមមានទាំងរយៈចម្ងាយខ្លី មធ្យម រយៈចម្ងាយឆ្ងាយ និងមីស៊ីលបាញ់ឆ្លងទ្វីប (ICBM) ព្រមទាំងមីស៊ីលបាញ់ចេញពីនាវាមុជទឹក។ របបដឹកនាំលោក គីម ជុងអ៊ុន បានធ្វើតេស្ដបាញ់ដោយជោគជ័យនូវមីស៊ីលបាលិស្ទីគ អន្តរទ្វីប (ICBM) មានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរកាលពីខែកក្កដា និងខែវិច្ឆិកា ឆ្នាំ២០១៧។ ទីក្រុងព្យុងយ៉ាង បានអះអាងថាការធ្វើតេស្ដកាលពីខែវិច្ឆិកា ឆ្នាំដដែលនោះ គឺជាការធ្វើតេស្ដបាញ់មីស៊ីល ICBM ឈ្មោះ Hwasong-15 ដែលអាចហោះបានរយៈកម្ពស់ ៤,៤៧៥គីឡូម៉ែត្រ និងចម្ងាយ ១,០០០ គីឡូម៉ែត្រ មុននឹង ធ្លាក់ចំគោលដៅដែលបានកំណត់ក្នុងតំបន់សមុទ្រជប៉ុន។ ក្រុមអ្នកវិភាគជឿថាមីស៊ីល Hwasong-15 អាចបាញ់បានចម្ងាយអតិបរមា ១៣,០០០គីឡូម៉ែត្រ ហើយដែល ចម្ងាយនេះអាចបាញ់ដល់សហរដ្ឋអាមេរិក។ ក្រៅពីនេះ កូរ៉េខាងជើង មានមីស៊ីល ICBM Hwasong-17 ជាមីស៊ីលធំជាងគេបំផុតរបស់កូរ៉េខាងជើង អាចបាញ់បាន ចម្ងាយលើស ១៥,០០០គីឡូម៉ែត្រ ព្រមទាំងមានមីស៊ីលមួយចំនួនទៀត ដូចជា Nodong (បាញ់បានចម្ងាយ១,៥០០គីឡូម៉ែត្រ), Pukgukson-3 ( ១,៩០០ គីឡូម៉ែត្រ), Pukgukson-5 (៣,០០០គីឡូម៉ែត្រ), Musudan (៤,០០០គីឡូម៉ែត្រ), Hwasong-12 (៤,៥០០គីឡូម៉ែត្រ) និង Hwasong-14 (១០,៤០០គីឡូម៉ែត្រ)។
មិនតែប៉ុណ្ណោះ កាលពីដើមខែមេសា ឆ្នាំ២០២៣នេះ កូរ៉េខាងជើង ក៏បានធ្វើតេស្ដផងដែរនូវដ្រូនវាយប្រហារនុយក្លេអ៊ែរក្រោមទឹកមានឈ្មោះថា ហេ-២ (Haeil-2)។ ពាក្យថា ហេ (Haeil) នៅក្នុងភាសាកូរ៉េមានន័យថា ស៊ូណាមិ។ អាវុធប្រភេទនេះត្រូវបានកូរ៉េខាងជើងបានធ្វើតេស្ដម្ដងដែរកាលពីថ្ងៃទី២៣ ខែមីនា។ កូរ៉េខាងជើង បានអះអាងថាដ្រូនវាយប្រហារនុយក្លេអ៊ែរនៅក្រោមទឹកនេះមានសត្ថភាពអាចបង្កើតរលកយក្សស៊ូណាមិមានផ្ទុកសារធាតុវិទ្យុសកម្មដ៏សម្បើម ដែលអាចវាយប្រហារលើ កងទ័ពជើងទឹក និងកំពង់ផែសំខាន់ៗរបស់សត្រូវ។
* តើមានប្រទេសដទៃជួយដល់កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ដែរទេ?
ភាគច្រើននៃកម្មវិធីអាវុធរបស់កូរ៉េខាងជើង គឺពឹងផ្អែកលើខ្លួនឯង។ ប៉ុន្តែ ទីក្រុងព្យុងយ៉ាងក៏ទទួលបានជំនួយពីប្រទេសមួយចំនួនដែរ។ តួយ៉ាង រុស្ស៉ីបានផ្ដល់ជំនួយដល់ កម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៥០ ដល់ទសវត្សរ៍ឆ្នាំ១៩៨០ ដោយជួយសាងសង់រ៉េអាក់ទ័រស្រាវជ្រាវនុយក្លេអ៊ែរ ផ្ដល់ការរចនាមីស៊ីល របៀបគ្រប់គ្រងសីតុណ្ហភាពរ៉េអាក់ទ័រនុយក្លេអ៊ែរ និងឥន្ធនៈនុយក្លេអ៊ែរមួយចំនួនទៀត។ ក្នុងឆ្នាំ១៩៧០ ចិន និងកូរ៉េខាងជើងបានធ្វើកិច្ចសហប្រតិបត្តិការនឹងគ្នាលើ វិស័យយោធា ក្នុងនោះរួមមានទាំងការអភិវឌ្ឍ និងការផលិតមីស៊ីលបាលិស្ទីគ ខណៈប៉ាគីស្ថាន ក៏បានចូលរួមចំណែកដែរក្នុងកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ កូរ៉េខាងជើងទទួលបានការជួយខាងបច្ចេកវិទ្យា និងការរចនាក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ពីអ្នកវិទ្យាសាស្ត្រប៉ាគីស្ថានឈ្មោះ អាប់ឌុល ខឌៀត ខាន់ (Abdul Qadeer Khan)។ ក្រៅពីនេះ ភាគីទី៣ ភាគច្រើននៅក្នុងតំបន់អាស៊ី និងអាហ្វ្រិក ក៏បានជួយសម្រួលដល់កម្មវិធីអាវុធកូរ៉េខាងជើងដែរ តាមរយៈការដឹកជញ្ជូនដោយខុសច្បាប់ សមាសធាតុលោហៈចាំបាច់សម្រាប់បច្ចេកទេសទំនើបក្រឡុកចម្រាញ់សារធាតុនុយក្លេអ៊ែរ ឬភាសាអង់គ្លេសហៅថា «សង់ទ្រីហ្វុយ» (centrifuge)។
គួរបញ្ជាក់ថា ក្រៅតែពីមានអាវុធនុយក្លេអ៊ែរ យោធាកូរ៉េខាងជើង ជាយោធាធំលំដាប់ទី៤ នៅលើពិភពលោក ដោយមានកងទ័ពសកម្មប្រហែលជិត ១.៣លាននាក់ ឬស្មើនឹង៥ភាគរយនៃប្រជាជនសរុបរបស់ខ្លួន ហើយច្រើនជាង ៦០០,០០០នាក់ជាទាហានបម្រុង។ បើតាមក្រសួងការបរទេសអាមេរិក របបដឹកនាំលោក គីម ជុងអ៊ុន បានចំណាយកញ្ចប់ថវិកាប្រចាំឆ្នាំជាមធ្យម ៤ពាន់លានដុល្លារ លើវិស័យយោធារបស់ខ្លួនពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩ ដែលនេះស្មើនឹងជិត ១ ភាគ៤ នៃផលិតផលក្នុង ស្រុកសរុបរបស់កូរ៉េខាងជើង។ កូរ៉េខាងជើងក៏ត្រូវបានគេជឿជាក់ដែរថាបានកាន់កាប់អាវុធគីមី ក្នុងនោះរួមមាន ស៊ុលហ្វួរ មូស្ដាដ (sulfur mustard), ក្លរីន (chlorine), ហ្វូសហ្សែន (phosgene), សារីន (sarin) និង វី អិច (VX) គួបផ្សំជាមួយសមត្ថភាពវាយប្រហារតាមប្រព័ន្ធអ៉ីនធឺណិត៕